សេចក្តីប្រកាសព័ត៌មាន លេខ ០៣៥​៖ ភាពជាអ្នកបម្រើសេវារបស់ក្រុមចុះឈ្មោះបោះឆ្នោត

ក្រុមចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទោះបីជាអាកាសធាតុមិនអំណោយផល និងស្ថានភាពផ្លូវមានការលំបាកនារដូវវស្សាយ៉ាងណាក៏ដោយ។ តួយ៉ាងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតនៅភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើដំណើរតាមផ្លូវដ៏លំបាក ដើម្បីចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋនៅទីនោះ។ សកម្មភាពនេះ គឺភាពជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ដែលជាត្រីវិស័យមួយក្នុងចំណោមត្រីវិស័យទាំង ៧ របស់ គ.ជ.ប ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ មានរយៈពេល ២២ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ក្រុមចុះឈ្មោះបោះឆ្នោត ចុះឈ្មោះនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ និងពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ ។

គ.ជ.ប និងក្រុមចុះឈ្មោះបោះឆ្នោត រួមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទោះបីជាបានខិតខំយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទេ ក៏មិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានដែរ។

ក្នុងន័យនេះ នៅសល់តែ ៦ថ្ងៃទៀតទេ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ ៖

  • មកពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង
  • ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០១) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ អាចពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App) ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ដែលជាថ្ងៃទី១៥ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅក្របខ័ណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨២,៣២២ នាក់ អ្នកដែលបានលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៦,៤០១ នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១,៥៧១ នាក់ ៕

ទាញយកកម្មវិធី(App) CamNEC News