សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ០​១១​៖​ ​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ ​និង​នីតិ​វិ​ធី​បណ្តឹង​ ​

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅតាមរាជធានី ខេត្ត និងនៅគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ នេះជាប្រសាសន៍របស់ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងនីតិវិធីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នៅសាលសន្និសីទ គ.ជ.ប ថ្ងៃសុក្រទី១៩ ខែមេសា ឆ្នាំ២០១៩។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ គណបក្សនយោបាយចំនួន ៧ តំណាងស្ថានទូតជប៉ុន និងអង្គភាពសារព័ត៌មានចំនួន ១១ និងមន្ត្រី គ.ជ.ប សរុបចំនួន ៥០នាក់។

ឯកឧត្តម ឌុច សុន បានបន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅនៃការពិនិត្យ កែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ ជនណាក៏ដោយក៏មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបានដែរ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។ ពាក្យបណ្តឹងតវ៉ាអាចធ្វើឡើងអំពីការបាត់ឈ្មោះ ឬសុំប្តូរឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាទិន្នន័យមិនច្បាស់លាស់ រីឯពាក្យបណ្តឹងជំទាស់ធ្វើឡើងដើម្បីជំទាស់ចំពោះបុគ្គលណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

ចំពោះដំណាក់កាលនៃការប្តឹងតវ៉ា ការប្តឹងជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង ឯកឧត្តម ឌុច សុន បានបញ្ជាក់ថា មានរយៈពេល ១៩ថ្ងៃ (លើកលែងថ្ងៃបុណ្យផ្លូវការ ១ថ្ងៃ) ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ដំណាក់កាលនីមួយៗនៃបណ្តឹងមានដូចខាងក្រោម ៖

  • ការប្តឹងទៅ គធ.ខប ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
  • ការដោះស្រាយបណ្តឹងដោយ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
  • ការប្តឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីថ្ងៃ គធ.ខប បដិសេធ (ឈប់សម្រាកបុណ្យ ១ថ្ងៃ) ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩
  • ការដោះស្រាយបណ្តឹងដោយ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

សូមជម្រាបជូនថា ការរាប់ចំនួនថ្ងៃតវ៉ា ឬថ្ងៃជំទាស់ និងការសម្រេចលើពាក្យបណ្តឹង ពុំត្រូវបានរាប់បញ្ចូលថ្ងៃបុណ្យជាផ្លូវការទេ ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ហើយបញ្ជីបោះឆ្នោតដំបូងនេះ ក៏មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh ផងដែរ។

ប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh/khmer/content/sp-19-04

ទាញយកកម្មវិធី(App) CamNEC News