សេចក្ដីប្រកាសព័ត៌មាន លេខ ០០៧​៖ គ.ជ.ប នឹងចាប់ផ្ដើម​ពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ​២០១៩ នៅថ្ងៃទី​០១​ ខែ​ឧសភា ឆ្នាំ​២០១៩

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ នេះជាការអះអាងរបស់ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ។
ឯកឧត្តម ម៉ុក ដារ៉ា បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នេះ ត្រូវបែងចែកពេលវេលាដូចខាងក្រោម ៖

  • រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់
  • រយៈពេល ១១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែឧសភា ចុះឈ្មោះចល័តតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់
  • រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ ។

ឯកឧត្តមបានឱ្យដឹងទៀតថា លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នេះ គឺមិនខុសពីការចុះឈ្មោះបោះឆ្នោតមុនៗទេ គឺប្រជាពលរដ្ឋខែ្មរទាំងពីរភេទ ត្រូវបំពេញលក្ខខណ្ឌដូចជា ៖

  • ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត  នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួលបន្ទុកជាមន្ត្រីចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយ ក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ។
  • មានសញ្ជាតិខ្មែរ។
  • មានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
  • មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត។
  • មិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួមចំនួន ១៥០នាក់ និងមានគ្រូឧទ្ទេសធ្វើបទបង្ហាញអំពីបទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការប្រើប្រាស់កម្មវិធីចុះឈ្មោះផងដែរ ៕

ទាញយកកម្មវិធី(App) CamNEC News