ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវធ្វើឡើងតាមទម្រង់ បែបបទលេខ ១០០៨ របស់ គ.ជ.ប ដោយគណបក្សនយោបាយត្រូវបំពេញពាក្យសុំចុះបញ្ជីនេះចំនួន ២ (ពីរ) ច្បាប់ និងត្រូវមានឯកសារភ្ជាប់មកជាមួយ ចំនួន ១០ (ដប់) ដូចខាងក្រោម ៖
- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ចំនួន ១ (មួយ) ច្បាប់។
- ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។
- អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ ។
- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ បញ្ជីនេះ ត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) ស្មើនឹង ៤២ អាសនៈ នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្មានឹងបេក្ខជនពេញសិទ្ធិ។
- ឈ្មោះមណ្ឌល ដែលគណបក្សនយោបាយមានបំណងទៅឈរ និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌល ទាំងនោះ។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌល ត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្តល់ជូន។ ចំពោះមណ្ឌលបោះឆ្នោតដែលមានអាសនៈ ១ (មួយ) ឬ ២ (ពីរ) ត្រូវមានបេក្ខជនបម្រុងយ៉ាងតិច ៣ (បី) រូប។
- សេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។
- លក្ខន្តិកៈគណបក្សនយោបាយ និងឯកសារផ្សេងៗ ដែលបញ្ជាក់ពីការបង្កើតគណបក្សនយោបាយ ។
- សេចក្តីប្រកាសរបស់គណបក្សនយោបាយថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមអនុវត្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប និងក្រមសីលធម៌ និងច្បាប់ ស្តីពីគណបក្សនយោបាយ ។
- បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលរបស់គណបក្ស នយោបាយ។
- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយរតនាគារជាតិ ។