សេចក្ដីប្រកាសព័ត៌មាន លេខ ០១៨​៖ គ.ជ.ប ផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា​ លើ​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់​រដ្ឋ ជូនគណបក្សនយោបាយ

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្នុងរយៈ ពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ដើម្បីឱ្យដំណើរការឃោសនានេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធី ស្មើភាព និងសមធម៌ សម្រាប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយកម្មវិធីនេះត្រូវកំណត់ដូចខាងក្រោម ៖

  • កម្មវិធីពិភាក្សាតុមូលតាមប្រធានបទ រវាងបេក្ខជនឈរឈ្មោះបោះឆ្នោត ឬតំណាងគណបក្ស     នយោបាយអំពីកម្មវិធីនយោបាយរបស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ កម្មវិធីនេះនឹងចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) វេលាម៉ោង ១៣:៣០នាទី ដល់ ១៤:៣០នាទី និងផ្សាយឡើងវិញនៅវេលាម៉ោង ២១:១៥នាទី ដល់ ២២:១៥នាទី ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
  • កម្មវិធីចាក់ផ្សាយស្ប៉តរបស់គណបក្សនយោបាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋ។
  • ការបោះពុម្ពផ្សាយអត្ថបទឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស នយោបាយ ឬប្រសាសន៍ដើមទាំងស្រុងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតលើព្រឹត្តិបត្រគោលនយោបាយ ដែលបានបោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ (ពីរ) លេខ ដោយ ១ (មួយ) លេខ មាន ២ ទំព័រ ដូចគ្នា ។

លើសពីនេះ គ.ជ.ប បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធ ពន្យល់ណែនាំអំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពី ការឃោសនាបោះឆ្នោតរបស់ គ.ជ.ប ។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានចេញគោលការណ៍មួយចំនួន ដល់ប្រព័ន្ធផ្សព្វផ្សាយឯកជនសម្រាប់អនុវត្ត ក្នុងពេលឃោសនាបោះឆ្នោត ដោយផ្តល់ឱ្យម៉ោងផ្សព្វផ្សាយ ឬលក់ម៉ោងឱ្យគណបក្សនយោបាយត្រូវឈរលើ គោលការណ៍ស្មើភាព ។ គោលការណ៍នោះមានជាអាទិ៍ៈ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលមានបំណង លក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ ៖

  • ត្រូវប្រកាសជាសាធារណៈ អំពីម៉ោងសម្រាប់ជួល និងតម្លៃ ទៅគ្រប់គណបក្សនយោបាយ និងត្រូវផ្តល់ព័ត៌មានមក គ.ជ.ប ។
  • ការលក់ ឬជួលម៉ោងឱ្យគណបក្សនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព តម្លាភាព និងហាមដាច់ខាតចំពោះការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយណាមួយផ្តាច់មុខ ៕

ទាញយកកម្មវិធី(App) CamNEC News