សេចក្ដីជូនដំណឹង លេខ ០១៥​៖ ការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​ដោយ គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតនេះ សូមដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់នៅ គ.ជ.ប ។ សេចក្តីជូនដំណឹងនេះ ជាការរំលឹកឡើងវិញបន្ទាប់ពី គ.ជ.ប បានចេញសេចក្តីជូនដំណឹងម្តងរួចមកហើយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកសារព័ត៌មានដែលមិនទាន់មានប័ណ្ណព័ត៌មានចេញដោយ គ.ជ.ប ត្រូវបំពេញបែបបទដូចខាងក្រោម ៖

  • ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលមានការិយាល័យអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ ៖

          -  ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន
          -  លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព
          -  ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
          -  ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ
          -  ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ។

  • ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលមិនមានការិយាល័យអចិន្ត្រៃយ៍ នៅក្នុងប្រទេសកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ ៖

       - ច្បាប់ចម្លងនៃលិខិតឆ្លងដែន
       - ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
       - ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ

  • ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ ៖

       - ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន
       - ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ
       - អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ អត្ថបទ។

ដើម្បីទទួលបានប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលត្រូវផ្តល់ជូនដោយឥតគិតថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប  www.nec.gov.kh ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។  នៅពេលបានបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: necinfo@forum.org.kh
 
បញ្ជាក់ៈ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំចុះឈ្មោះ ៖
      - សម្រាប់អ្នកសារព័ត៌មានជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨  (១០ថ្ងៃ មុនថ្ងៃបោះឆ្នោត) វេលាម៉ោង ១៧:៣០ល្ងាច
      - សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨  (០៣ថ្ងៃ មុនថ្ងៃបោះឆ្នោត) វេលាម៉ោង ១៧:៣០ ល្ងាច ៕

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778