សេចក្ដីប្រកាសព័ត៌មាន លេខ ០១២​​៖​ ឈ្មោះអ្នកដែលបាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ ឆ្នាំ​២០១៧ មានចំនួនជាង ២ម៉ឺននាក់

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានរយៈពេល ៧០ថ្ងៃ ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតចំនួន ២១,៦៧១ នាក់ ។

តារាងស្ថិតិផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលចេញដោយ គ.ជ.ប បានឱ្យដឹងថា ឈ្មោះអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានពីរប្រភេទ រួមមាន ៖

  • ឈ្មោះស្ទួន មានចំនួន ១,១៩៦ នាក់
  • ឈ្មោះអ្នកដែលទទួលមរណភាព មានចំនួន ២០,៦០៧ នាក់ ។

សូមរំលឹកថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ សរុបចំនួន ៨,៣៨០,២១៧ នាក់ ស្មើនឹង ៨៤.៨០% (ប៉ែតសិបបួនក្បៀសប៉ែតសិបភាគរយ) បើប្រៀបធៀបទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចំនួន ៩,៨៨២,៧៤៦ នាក់ ក្នុងនោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ជាស្រី្ត ៤,៤៧០,៨៦៤ នាក់ ស្មើនឹង ៥៣.៣៥% ។

ចាប់ពីពេលនេះតទៅ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ អាចស្វែងរកឈ្មោះ ទិន្នន័យ និងលេខកូដការិយាល័យបោះឆ្នោត របស់ខ្លួនបានដោយចូលទៅកាន់គេហទំព័រ គ.ជ.ប www.voterlist.org.kh

ទាញយកកម្មវិធី(App) CamNEC News