សេចក្ដីប្រកាសព័ត៌មាន លេខ ០១១៖ ប្រជាពលរដ្ឋជាង ៨៤% មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ​២០១៧

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ រួមទាំងការដោះស្រាយពាក្យបណ្តឹងរួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ ។

ឯកឧត្តម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានរយៈពេល ៧០ថ្ងៃ ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលដូចខាងក្រោម ៖

  • អ្នកចុះឈ្មោះបោះឆ្នោតថ្មីមាន ចំនួន ៥៣ ៦៦៧៤ នាក់
  • ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីមានចំនួន ២១ ៦៧១ នាក់ ដោយសារមានឈ្មោះស្ទួន មរណភាព និងផ្តាស់ប្តូរទីលំនៅ
  • ប្រជាពលរដ្ឋដែលបានស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន ៥ ៥៧២នាក់។

    ឯកឧត្តមបានបន្តទៀតថា បន្ទាប់ពីការដោះស្រាយបណ្តឹងតវ៉ា និងជំទាស់រួចមក ការធ្វើបច្ចុប្បន្នភាពបញ្ជី    បោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រេចបានលទ្ធផលផ្លូវការដូចខាងក្រោម ៖

  • អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨ ៣៨០ ២១៧ នាក់ ស្មើនឹង ៨៤,៨០% (ប៉ែតសិបបួនក្បៀសប៉ែតសិបភាគរយ) បើប្រៀបធៀបទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចំនួន ៩ ៨៨២ ៧៤៦ នាក់ ក្នុងនោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ជាស្រី្ត ៤ ៤៧០ ៨៦៤ នាក់ ស្មើនឹង ៥៣,៣៥%
  • ការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេស មានចំនួន ២២ ៩៦៧ ការិយាល័យ។

សូមបញ្ជាក់ថា ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ  ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលចំនួន ៨ គណបក្សនយោបាយចំនួន ៨ តំណាងស្ថានទូតជប៉ុន ជំនាញការអង្គការ JICA ជំនាញការ KOICA និងអង្គភាពសារព័ត៌មានចំនួន ១០ សរុបចំនួន ៦០នាក់។

ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិបានកោតសរសើរ និងអបអរសាទរចំពោះបញ្ជីបោះឆ្នោតផ្លូវការនេះ ៕

សូមចូលទៅកាន់អាសយដ្ឋាន www.nec.gov.kh/khmer/content/2864 ដើម្បីទទួលបានសេចក្តីសម្រេច និងលទ្ធផលផ្លូវការនៃបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ !!

ទាញយកកម្មវិធី(App) CamNEC News