នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៣រសៀល នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានទទួលជួបឯកឧត្តម ចច អេដហ្គឺ (H.E. Mr. George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម ហៃដឺហ៊ីសា ហូរីនូឈី (H.E. Mr. Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក ឈូ ម៉ាឈ័រ (Mr. Adam Shomacher) ប្រធានការិយាល័យអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់អង្គការ USAID ដើម្បីស្វែងយល់អំពីការវិវត្តន៍នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាជាមួយភាគីអន្តរជាតិ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ក្រោយពីបានស្តាប់របាយការណ៍ការងាររបស់ឯកឧត្តមប្រធាន គ.ជ.ប រួចមក ភាគីអន្តរជាតិបានគាំទ្រលើដំណើរការ និងការប្រព្រឹត្តទៅនៃការងាររបស់ គ.ជ.ប ហើយសន្យាថានឹងបន្តជួយគាំទ្រទាំងថវិកា និងទាំងបច្ចេកទេសដល់ គ.ជ.ប រហូតបញ្ចប់ការបោះឆ្នោត ឆ្នាំ២០១៨។ ឯកឧត្តមបន្តថា ភាគីអន្តរជាតិផ្ដោតទៅលើការចុះឈ្មោះបោះឆ្នោតថា ហេតុអ្វីបានជាមានអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិច ? តើ គ.ជ.ប គួរមានវិធានការបែបណា ដើម្បីឱ្យអ្នកមកចុះឈ្មោះបោះឆ្នោតមានចំនួនច្រើន ?
ឆ្លើយតបនឹងសំណួររបស់ភាគីអន្តរជាតិ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា អ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិច គ.ជ.ប ជំរុញការអប់រំ ផ្សព្វផ្សាយ និងស្នើសុំភាគីអន្តរជាតិជួយជាថវិកាសម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័តក្នុងឃុំ សង្កាត់ ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឱ្យមកចុះឈ្មោះបោះឆ្នោតកាន់តែច្រើន។ ឯកឧត្តមបន្តថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះមិនអាចធៀបជាមួយនឹងចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ បានទេ ដោយសារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ គឺជាការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ហើយចំនួនប្រជាពលរដ្ឋប៉ាន់ស្មានមានរហូតទៅដល់ជាង ៩លាននាក់ ប៉ុន្តែការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះវិញ មានចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ១,៦លាននាក់ តែប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមថា
ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ អាចមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតប្រមាណជា ៥០ម៉ឺននាក់។ ដោយឡែកប្រជាពលរដ្ឋជាង ១លាននាក់ ដែលកំពុងនៅក្រៅប្រទេសប្រហែលជាមិនត្រឡប់មកចុះឈ្មោះបោះឆ្នោតវិញនោះទេ៕