សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ៖ នា​ព្រឹក​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ស្តីពី "គោលការណ៍ សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ...

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ស្តីពី "គោលការណ៍ សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលឃោសនាបោះឆ្នោត" សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧  ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រសួងព័ត៌មាន តំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចំនួន ៣ តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន សរុបមានអ្នកចូលរួមចំនួន ២៣ នាក់។

ឯកឧត្តម  ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា ចំពោះស្ថានវិទ្យុណាដែលបានជួលម៉ោងឱ្យគណបក្សនយោបាយផ្សព្វផ្សាយជារៀងរាល់ថ្ងៃ គួរតែពិនិត្យលទ្ធភាពនៃការផ្សព្វផ្សាយឡើងវិញក្នុងរយៈពេល ១៤ថ្ងៃ អំឡុងពេលឃោសនាបោះឆ្នោត ដើម្បីផ្តល់យុតិ្តធម៌ និងភាពសមស្របមួយដល់គណបក្សនយោបាយទាំងអស់ដែលបានឈរឈ្មោះបោះឆ្នោត ។ ឯកឧត្តមបន្តថា គ.ជ.ប បានកំណត់គោលការណ៍ផ្សព្វផ្សាយចំនួន ២ ដល់ភាគីពាក់ព័ន្ធ  ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ គោលការណ៍ទាំង ២ រួមមាន ៖

  • គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និង កម្មវិធីនយោបាយរបស់គណបក្ស
  • គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សា អំពីគោលនយោបាយរបស់គណបក្សនយោបាយ។ 

សូមបញ្ជាក់ថា ព័ត៌មានលម្អិតអំពីគោលការណ៍ទាំង ២ ខាងលើនេះ មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

 

ទាញយកកម្មវិធី(App) CamNEC News