គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧» នៅទីស្ដីការ គ.ជ.បនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលសិក្ខាកាមអញ្ជើញចូលរួមដោយផ្ទាល់ រួមមានតំណាងគណបក្សនយោបាយ មកពី ៤៦ គណបក្ស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីទីស្ដីការ គ.ជ.ប សរុបចំនួន ២២១ នាក់ និងតាមវីដេអូសន្និសីទ ចំនួនប្រមាណ ១០០ នាក់ ដែលជាមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ការយល់ដឹងបន្ថែមដល់តំណាងគណបក្សនយោបាយ អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌទាំងឡាយដែលតម្រូវដោយច្បាប់ បទបញ្ជា និងនីតិវិធី ក្នុងការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ ការដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)ការពិនិត្យ និងសម្រេចលើការស្នើសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ការកែតម្រូវលក្ខខណ្ឌ និងការប្តឹងតវ៉ានានាពាក់ព័ន្ធនឹងដំណើរការនេះ។
ឯកឧត្ដម តុប ឫទ្ធី បានបញ្ជាក់ជូនថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ នេះ គ.ជ.ប បានសម្រេចបន្តធ្វើនវានុវត្តន៍បន្ថែមលើមុខងារថ្មីមួយចំនួន និងបន្តដាក់ឱ្យប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដើម្បីបន្តគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធ ជាពិសេសបន្តបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយបានដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជាបេក្ខជនខុសឈោ្មះ និងទិន្នន័យ បេក្ខជនមិនគ្រប់អាយុសម្រាប់ការឈរឈ្មោះជាបេក្ខជន បេក្ខជនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការក្នុងឃុំ សង្កាត់ បេក្ខជនឈរឈ្មោះច្រើនជាងមួយគណបក្សនយោបាយ បេក្ខជនឈរឈ្មោះច្រើនមណ្ឌល និងបេក្ខជនមិនបានអនុវត្តសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលលើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប។
វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយពិធីបិទវគ្គត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនថា ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋទាំងពីរភេទត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរពីកំណើត
- ចេះអាន និងសរសេរអក្សរខ្មែរ
- បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត
- មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោត (គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០២)
- បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលលើកចុងក្រោយដែលរៀបចំឡើងដោយ គ.ជ.ប (ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣) លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។
ឯកឧត្ដមបានមានប្រសាសន៍ទៀតថា ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ មាន ២របៀប គឺគណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដោយដៃ ឬអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធី។
ក្នុងចំណោមរបៀបទាំង ២ ខាងលើនេះ ឯកឧត្ដមទេព នីថា បានណែនាំ និងលើកទឹកចិត្តដល់គ្រប់គណបក្សនយោបាយឱ្យស្នើសុំបង្កើតគណនី ដើម្បីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធី ព្រោះកម្មវិធីនេះអាចជួយដោះស្រាយបញ្ហាបានច្រើនសម្រាប់គណបក្សនយោបាយ និងមន្ត្រីបោះឆ្នោត។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា យោងតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅ គឃ.សប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៧។ ដូចនេះ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ហើយមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ត្រូវត្រៀមលក្ខណៈពីចម្ងាយក្នុងការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយគប្បីត្រៀមឯកសារនានាឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានបង្ហាញក្ដីសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងស្នើសុំបង្កើតគណនីសម្រាប់ប្រើប្រាស់សាកល្បងកម្មវិធីនេះ និងត្រៀមលក្ខណៈរៀបចំបញ្ជីបេក្ខជន ជាផ្លូវការក្រោយពេល គ.ជ.ប សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦ ដើម្បីភ្ជាប់ទៅជាមួយពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឱ្យបានទាន់ពេលវេលា។ ឯកឧត្ដមក៏សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហការល្អជាមួយ គ.ជ.ប ដើម្បីជំរុញឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕