ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ បាននឹងកំពុងប្រព្រឹត្តទៅដោយ រលូនតាមប្រតិទិន និងផែនការមេរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនេះ គ.ជ.ប បានសង្កេតឃើញថា អត្រាអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត នៅមានកម្រិតមធ្យមមិនទាន់អាចឆ្លើយតបបានទៅនឹងផែនការដែល គ.ជ.ប បានរំពឹងទុក។
ដូច្នេះក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្ស នយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញដល់ប្រជាពលរដ្ឋដែលជាគោលដៅឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ឡើងវិញក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមភូមិ ឃុំ សង្កាត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ មុខសញ្ញា និងគោលដៅដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជិវមាត្រក្នុងបញ្ជីបោះឆ្នោត គឺអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ឬ/និងអ្នកបោះឆ្នោតដែលបានទទួលលិខិតអញ្ជើញរបស់ គ.ជ.ប ឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងឆ្នាំ២០២៦នេះ។
គ.ជ.ប មានជំនឿយ៉ាងមុតមាំថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ពីព្រោះថាក្រុមប្រឹក្សាឃុំ សង្កាត់ដែលកើតចេញពីការបោះឆ្នោតនេះ គឺជាតំណាងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើឱ្យផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន ហើយការចូលរួមនេះក៏ជាផ្នែកមួយបន្តលើកកម្ពស់សមិទ្ធផលលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។