សេចក្តីប្រកាសព័ត៌មានលេខ ០២៩ គ.ជ.ប.អគ្គ៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

លទ្ធផលបណ្ដោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

-​ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.៧៦០ នាក់

- អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៣.៩៤២ នាក់

-​ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១៥.៧៩០ នាក់

-​ អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១៧.៨៤៦ នាក់

-​ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១.២១៧ នាក់។

លទ្ធផលសរុបរយៈពេល ២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖

-​​ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៤.៨៩៧នាក់

- អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៨.៧១១ នាក់

- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ២៩.៩៥៣នាក់

- អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៣៤.៤០៧នាក់

- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៩.២១២នាក់។

 

សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

 

បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.khនិងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕

 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore