សេចក្តីប្រកាសព័ត៌មានលេខ ០២៥ គ.ជ.ប.អគ្គ៖ ការិយាល័យចុះឈ្មោះបោះឆ្នោត បានបើកដំណើរការនៅតាមឃុំ សង្កាត់ទូទាំងប្រទេស

ការិយាល័យចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅតាមសាលាឃុំ សង្កាត់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្រ្តខ្លះនៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។


សូមជម្រាបជូនថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ រហូតដល់ ៥:៣០នាទី។ 


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអញ្ជើញ៖
- ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំកន្លងមក ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីប្រជុំជនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលតាមអាសយដ្ឋានវេបរបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើពិនិត្យឃើញថា ទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ សាមីខ្លួនអាចទៅស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតតាមករណីនីមួយៗ ដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬមានបំណងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោត
- ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក អញ្ជើញទៅធ្វើបច្ចុប្បន្នភាព (ថតរូប និងផ្ដិតមេដៃ) ឡើងវិញជាមួយក្រុមចុះឈ្មោះបោះឆ្នោត
- ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ឬប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ 


គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្ត និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលនៅជាធរមាន៕
 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore