នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ឯកឧត្តម មាន សទិ បានជម្រាបជូនអង្គប្រជុំថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមចុះឈ្មោះបោះឆ្នោតធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ម៉ោងធ្វើការព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។ ក្នុងករណីមានអ្នកសុំចុះឈ្មោះបោះឆ្នោតបន្ត ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) អាចបន្ថែមម៉ោងពេលនៃការចុះឈ្មោះបោះឆ្នោតតាមការជាក់ស្តែង។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៦ នេះ កបឃ.ស ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ៤ដង ដើម្បីបើកកិច្ចប្រជុំជាមួយ ក.ច.ប ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
ឯកឧត្តម មាន សទិ បានមានប្រសាសន៍អំពីនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប ថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុ ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវអញ្ជើញមកសុំចុះឈ្មោះបោះឆ្នោត។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើអាសយដ្ឋានក្នុង អ.ខ ស្ថិតនៅក្នុងឃុំ សង្កាត់ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប។ ប៉ុន្តែប្រសិនបើអាសយដ្ឋានក្នុង អ.ខ ខុសពីឃុំ សង្កាត់ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ដែលស្នើសុំចុះឈ្មោះ។ ចំពោះការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ សង្កាត់ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
អំពីការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬទិន្នន័យជីវមាត្រ ឯកឧត្តម បានបញ្ជាក់ជូនថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ត្រូវបានអនុវត្ត សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ (ចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧) និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់ប្រទេសថៃ អាចចុះឈ្មោះនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬកន្លែងចាស់។ បើនៅកន្លែងថ្មីអាជ្ញាធរនឹងជួយដោះស្រាយបញ្ហាជូន។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ប្រសិនបើអ្នកសុំចុះឈ្មោះបោះឆ្នោតធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវស្នើសុំឱ្យគាត់បង្ហាញ អ.ខ ឬ ឯ.អ ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដែលមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២) ប្រសិនបើមាន។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម មាន សទិ បានគូសបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ រួចបន្តទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មានភាពមិនត្រឹមត្រូវដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតមាន ៣ថ្នាក់ គឺការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
ឯកឧត្តម មាន សទិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលគិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ការចែកលិខិតអញ្ជើញបានចំនួន ៩,២៧០,៤៤៧ នាក់ ស្មើនឹង ៩១.២២ %។ ការចែកលិខិតអញ្ជើញតាមភូមិបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ហើយបញ្ចប់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះបានលើកឡើងអំពីបញ្ហានៅតាមឃុំ សង្កាត់មួយចំនួនក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ទាមទារឯកសារដែលផ្ទុយពីនីតិវិធីរបស់ គ.ជ.ប កំណត់។ ករណីនេះ គ.ជ.ប បានបំភ្លឺជូនវិញថា គ.ជ.ប មិនទាន់បានទទួលព័ត៌មានពីក្រុមប្រឹក្សាឃុំ សង្កាត់ ឬពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅឡើយទេ ប្រសិនបើមានដូចការលើកឡើងរបស់តំណាងគណបក្សនយោបាយមែននោះ គ.ជ.ប នឹងណែនាំបន្ថែមដើម្បីឱ្យអនុវត្តស្របតាមបទបញ្ជា និងនីតិវិធី។ ទោះជាយ៉ាងណា គ.ជ.ប ពិនិត្យឃើញថា មានតំណាងគណបក្សនយោបាយចំនួនបី បានដាក់ភា្នក់ងាររបស់ខ្លួនរួចហើយ មិនមានបញ្ហាអ្វីទេ។
ជាចុងក្រោយ តាងនាម គ.ជ.ប ឯកឧត្តម មាន សទិ បានធ្វើការអំពាវនាវ ដោយអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានលទ្ធផលជោគជ័យ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងក្រសួង ស្ថាប័ន តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២៦ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៩ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណ ១០០នាក់៕