នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ពិនិត្យខ្លឹមសារបដា និងខ្លឹមសារខិត្តបណ្ណសម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ សេចក្តីព្រាងគំរូបញ្ជីឈ្មោះអ្នកបានមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងពិនិត្យ និងសម្រេចលើទម្រង់បែបបទ និងឯកសារចំនួន ១៣ ប្រភេទ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួល ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប ពិនិត្យ និងកែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ក្នុងរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប បានឱ្យដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភា បានពិនិត្យឱ្យយោបល់ឯកភាពទាំងស្រុងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ច្បាប់ស្តីពីវិសោធនកម្មនេះ មានបីមាត្រា គឺមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ ដែលមានខ្លឹមសារនៃមាត្រាកំណត់អំពីគោលការណ៍នៃការបែងចែកមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់។ ច្បាប់នេះត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានព្រាងជូនអង្គប្រជុំ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យអគ្គលេខាធិការដ្ឋានធ្វើការកែសម្រួលឡើងវិញ ដើម្បីសមស្របតាមមាត្រានៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងកែសម្រួលលើខឹ្លមសារបដា និងខិត្តបណ្ណ (Poster) និងបានសម្រេចឯកភាពលើឯកសារទាំងពីរនោះ សម្រាប់ផ្សព្វផ្សាយអប់រំជូនសាធារណជន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យលើសេចក្តីព្រាងគំរូបញ្ជីឈ្មោះអ្នកបានមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ប្រើប្រាស់ក្នុងពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ ក្រោយពីបានពិភាក្សារួច អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើ គំរូបញ្ជីឈ្មោះអ្នកបានមកបោះឆ្នោត។
៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើទម្រង់បែបបទសរុបចំនួន ១៣ ប្រភេទ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចឯកភាពលើទម្រង់ទាំងនោះមានដូចខាងក្រោម៖
- ពាក្យបណ្តឹង (ទ.១២០២)
- សម្រង់សេចក្តីសម្រេច (ទ.១២០៣)
- កំណត់ហេតុសាកសួរ នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)
- កំណត់ហេតុសម្រេច នៅថ្នាក់ គឃ.សប
- កំណត់ហេតុប្រជុំផ្សះផ្សា នៅថ្នាក់ គឃ.សប
- កំណត់ហេតុផ្តល់មតិ នៅថ្នាក់ គឃ.សប
- លិខិតអញ្ជើញ នៅថ្នាក់ គឃ.សប
- កំណត់ហេតុសាកសួរ នៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)
- កំណត់ហេតុប្រជុំផ្សះផ្សា នៅថ្នាក់ គធ.ខប
- កំណត់ហេតុសវនាការ នៅថ្នាក់ គធ.ខប
- លិខិតអញ្ជើញ នៅថ្នាក់ គធ.ខប
- ស្រោមសំបុត្រដាក់រាល់ឯកសារពាក់ព័ន្ធនឹងពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ដែលបានដាក់នៅ គឃ.សប (បើមាន)
- ស្រោមសំបុត្រដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ គធ.ខប ពាក់ព័ន្ធនឹងពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានរំលឹកដល់អគ្គលេខាធិការ គ.ជ.ប ពន្លឿនការកែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ឱ្យបានឆាប់បំផុត។ ឯកឧត្ដម ក៏បានរំលឹកអំពីការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គលនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕