សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ​ ០១៦​​ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរប​​​​​​ស់គណៈ​កម្មា​​ធិ​​កា​រ​​​ជា​​តិ​​រៀ​ប​​​ចំ​ការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ព​ស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប​ ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ខ្លឹមសារសម្ភារឯកសារបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គំរូទម្រង់សន្លឹកឆ្នោត និងសម្រេចលើរបាយការណ៍​ធ្វើ​បច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័​យបោះឆ្នោត ដែលរងផល​ប៉ះ​ពា​ល់​ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ ព្រមទាំងសម្រេចលើតារាងស្ថិតិប្រជា​ពល​រ​ដ្ឋ​ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រា​ប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២៦។

 

បន្ទាប់ពី​បានស្តាប់របាយ​ការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធ​នឹង​ឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

 

១.  របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួល ហើយបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

 

២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសម្ភារឯកសារបោះឆ្នោតសម្រា​ប់​​ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។  អង្គប្រ​ជុំ គ.ជ.ប បានពិភាក្សាកែសម្រួល ហើយបានសម្រេចឯកភាពដូចខាងក្រោម រួមមាន៖

- ទម្រ​ង់បែបបទ ចំនួន ១៩ ប្រភេទ

- ស្រោមសំបុត្រខ្នាតធំ  មធ្យម និងតូច មាន​​​​ចំនួន ២២ ប្រភេទ សម្រាប់ប្រើក្នុងការិយាល័យ​បោះឆ្នោត

- ស្បោងដាក់សម្ភារឯកសារបោះឆ្នោត ចំនួន ១១ ប្រភេទ

- បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ និងខិត្តបណ្ណណែនាំអំពីការបោះឆ្នោតបាន ឬមិនបាន

- ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និង​ស្លាកសម្គាល់ការិយាល័យបោះឆ្នោត

- គំរូត្រា ៣ ប្រភេទ រួមមាន ត្រាសម្រាប់ គឃ.សប ត្រាសម្រា​ប់​​គណៈកម្មការការិយាល័​យ​បោះឆ្នោត (គ.ក.ប) និងត្រាសម្ងាត់។

 

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប ពិនិត្យ និងពិភាក្សាលើ​ទម្រ​ង់​​សន្លឹ​ក​ឆ្នោតគំរូ​សម្រាប់ប្រើប្រា​ស់​ក្នុងការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត  និងទម្រង់សន្លឹកឆ្នោតផ្លូវការ ដែលត្រូវរៀបចំតាមទម្រង់ និងខ្នាតលើក្រដាសជាក់ស្តែងប្រែប្រួលទៅតាមចំនួន​គណ​ប​ក្ស​​នយោបាយដែលឈរឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ សម្រាប់ការបោះឆ្នោត​ជ្រើសរើ​ស​​ក្រុមប្រឹក្សា​ឃុំ សង្កា​ត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានគំរូទម្រង់សន្លឹកឆ្នោតបួនខ្នាតផ្សេងៗគ្នា។ ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភា​ព​យកពីរជួរ ក្នុងករណីមានគណបក្សនយោបាយចូលរួមការបោះឆ្នោតលើសពីដប់មួយគណប​ក្សដោយសម្រួលទំហំកូឡោន (Column) ឱ្យប៉ុនៗគ្នាសមស្របនៅលើក្រដាសសន្លឹកឆ្នោត។

 

៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យលើរបាយការណ៍អំពីការធ្វើ​បច្ចុប្បន្ន​ភា​ព​ស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត ទីតាំងការិយាល័យបោះឆ្នោត ដែលរង​ផល​ប៉ះពាល់ដោយការ​ឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ រួមមានខេត្តបន្ទា​យ-​​មានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដែលមាន៖

- ប្រជាពលរដ្ឋសរុបចំនួន ២១.២១១ (ពីរម៉ឺនមួយពាន់ពីររយដប់មួយ) នាក់ ក្នុងនោះប្រ​ជាពល​រដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សរុបចំនួន ១៣.២៧៩ (មួយម៉ឺនបីពាន់ពីររយ​ចិត​សិ​ប​​ប្រាំ​បួន) នាក់

- អ្នកបោះឆ្នោតសរុបចំនួន ១០.៨៩៩ (មួយម៉ឺនប្រាំបីរយកៅសិបប្រាំបួន) នាក់

- ការិយាល័យបោះឆ្នោតសរុបចំនួន ២៨ ការិយាល័យ

- ភូមិសរុបចំនួន ២៣ ស្ថិតក្នុងភូមិសាស្រ្តឃុំ សង្កាត់សរុបចំនួន ១១ និងក្រុង ស្រុកចំនួន ៧។

 

បន្ទាប់ពីបានស្តាប់ និងពិនិត្យលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប យ៉ាងយក​ចិត្តទុកដាក់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពរក្សាវិធានការ ដែល គ.ជ.​​​ប បានដាក់ចេ​ញកន្លងមក រួមមាន៖

- រក្សាទុកស្ថានភាពការិយាល័យបោះឆ្នោតរងផលប៉ះពាល់សរុបចំនួន ២៨ ការិយា​ល័យក្នុងភូមិសាស្ត្រដដែល ដើម្បីរក្សាជាសក្ខីកម្មបញ្ជាក់ពីផលប៉ះពាល់។ 

- នៅដំណាក់កាលបោះឆ្នោត គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប) ត្រូវពិគ្រោះ​យោបល់ និងសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ច ធ្វើការផ្លាស់ប្ដូរជាបណ្តោះអាសន្នទីតាំងការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ ទៅទីតាំងដែលមានសុវត្ថិភាពក្នុងក្រប​ខ័​ណ្ឌព្រំប្រទល់ឃុំ សង្កាត់ដដែល ដែលអាចឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតបានដោយសុវត្ថិភាព។

- លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប)  ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និង ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវសហការកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោ​ត​ចល័តនៅតាមភូមិ ក្នុងឃុំ សង្កាត់សាមីដែលជិតបំផុតដែលមានមណ្ឌលភៀសសឹក ឬភូមិដែលត្រូវបានរំលោភកាន់កាប់ដើម្បីឱ្យប្រជាពលរដ្ឋបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឬទៅធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។

- ល.ខ.ប កបឃ.ស ក.ច.ប និង គ.ខ.ប គឃ.សប ត្រូវយកចិត្តទុកដាក់សហការបង្កលក្ខណៈងាយស្រួលក្នុងការចេញឯកសារដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលពុំមានឯកសារអ្វីទាំងអស់នៅតំបន់ដែលត្រូវបានរំលោភកាន់កាប់ និងនៅជម្រកភៀសសឹក។

- អាជ្ញាធរខេត្ត ក្រុង ស្រុក ល.ខ.ប ឬ គ.ខ.ប ពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតដែលស្នាក់នៅតាមទីតាំងបណ្តោះអាសន្នក្នុងខេត្ត ស្រុក បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលគាត់បានរស់នៅមុនពេលភៀសសឹក​ ឬ/និងទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ហើយត្រូវបានប្តូរទៅទីតាំងសុវត្ថិភាពជាបណ្ដោះអាសន្ន។

 

៥.  របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើតារាង​ស្ថិតិ​ប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោ​តឆ្នាំ២០២៦ ហើយអង្គប្រជុំសម្រេចឯកភាពបន្ថែមកូឡោន (Column) ដាក់ចំនួនប៉ាន់ស្មានអ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ តារាង​ស្ថិតិ​ប្រជាពលរដ្ឋ និងចំនួនការិយា​ល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ២០២៦ នេះ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅពេលខាងមុខ។

 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅ​វេលា​ម៉ោង ១០:៥៦ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល​​​​​​​​​​​​៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore