វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីបិទវគ្គនោះ ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញទាំងអស់ដែលបានសហការគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះឃើញថា សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងថ្មីៗ មានការយល់ដឹងច្បាស់លាស់បន្ថែមទៀត អំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានល្អប្រសើរ។ កត្តានេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ដែលនឹងត្រូវរៀបចំការបណ្តុះបណ្តាល និងអនុវត្តបន្តនាពេលដ៏ខ្លីខាងមុខនេះនៅតាមរាជធានី ខេត្ត។
ឯកឧត្ដម បានមានប្រសាសន៍បន្តថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ទុកសម្រាប់បម្រើឱ្យការបោះឆ្នោតតាមការកំណត់នៃច្បាប់។ ហេតុនេះ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ច្បាប់ស្តីពីការបោះឆ្នោតបានកំណត់ឱ្យ គ.ជ.ប រៀបចំដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ហើយនៅឆ្នាំ២០២៦នេះ ផ្អែកតាមសេចក្តីសម្រេចលេខ ០០៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦” ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស គឺមានរយៈពេល ៥៥ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ពីព្រោះបញ្ជីបោះឆ្នោតបានផ្តល់មុខងារសំខាន់ ២ ដល់អាជ្ញាធរបោះឆ្នោត គឺការផ្ទៀងផ្ទាត់សុពលភាពនៃអ្នកបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោត។ នៅប្រទេសកម្ពុជា ដំណើរការនៃការបោះឆ្នោតត្រូវបានចែកជា ៤ ដំណាក់កាលសំខាន់ៗ គឺ ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដំណាក់កាលឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានលើកឡើងទៀតថា បន្ទាប់ពី គ.ជ.ប បង្កើតឡើងនៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តដោយដៃតាមឃុំ សង្កាត់ រួចបញ្ជូនឯកសារមកបញ្ចូលទិន្នន័យ និងរៀបចំជាបញ្ជីបោះឆ្នោតនៅមជ្ឈមណ្ឌលកុំព្យូទ័រថ្នាក់ជាតិ។ ប៉ុន្តែដោយបច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា គ.ជ.ប បានធ្វើកំណែទម្រង់លើការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃមកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ចាប់តាំងពីឆ្នាំ២០១៦ មក។ ការប្រើប្រាស់បច្ចេកវិទ្យានេះគឺ គ.ជ.ប ធ្វើធ្វើការចុះឈ្មោះតាមឃុំការចុះឈ្មោះតាមឃុំ សង្កាត់ និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនីមួយៗដែលមានចែង និងកំណត់ក្នុងច្បាប់។ បច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរ គឺដោយសារតែការបាត់បង់បច្ចុប្បន្នភាពរបស់សាមីខ្លួន ការប្រែប្រួលស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ដូចជាមានអ្នកទទួលមរណភាព អ្នកផ្លាស់ប្តូរអាសយដ្ឋាន និងការប្រែប្រួលសញ្ញាណដៅសម្គាល់របស់អ្នកបោះឆ្នោត ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។ ជាធម្មជាតិក្នុងរយៈពេល១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួន ដូចជារូបពិតចាស់ជាងរូបថត និងសំណឹកខ្ចៅដៃដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតដែលអ្នកបោះឆ្នោតបានចុះឈ្មោះកន្លងទៅកាលពី១០ឆ្នាំមុន។ កត្តានេះហើយដែលនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់សិទ្ធិនៃការបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា រហូតដល់ឆ្នាំ២០២៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតប្រចាំឆ្នាំ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួនដែលមានការប្រែប្រួលស្ថានភាព ដូចជាករណី ការទទួលមរណភាព ការផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ការកែតម្រូវករណីខុសឈ្មោះ (អក្ខរាវិរុទ្ធ) ភេទ ថ្ងៃខែឆ្នាំកំណើត ការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់អ្នកបោះឆ្នោតតាមឯកសារថ្មី ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅឃុំ សង្កាត់ចាស់ ហើយផ្ទេរទិន្នន័យទៅឃុំ សង្កាត់ថ្មីប៉ុណ្ណោះ។ ប៉ុន្តែ គ.ជ.ប ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំឡើងទៅនោះទេ។ ហេតុនេះហើយបានជានៅឆ្នាំ២០២៥ គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច១០ឆ្នាំ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតពេញលេញរបស់ប្រជាពលរដ្ឋគ្រប់រូប។
ចំពោះការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា នេះជាការងារចាំបាច់ដែល គ.ជ.ប បានយកចិត្តទុកដាក់អនុវត្តជាប្រចាំ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ពិសេសការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្រ ហើយការងារនេះទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ២០១៦មក ហើយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០២៦ នេះ គឺជាការអនុវត្តនៅក្នុងស្ថានភាពដ៏លំបាកមួយ ដោយសារតែនៅតាមបណ្ដាខេត្តមួយចំនួនត្រូវបានរងផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ។ ដូចនេះ គ.ជ.ប បានខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីធានាបានបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
ជាចុងក្រោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត (គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី រួមទាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត កែតម្រូវ ឬធ្វើបច្ចុប្បន្នភាព ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់សាមី កុំបីខាន។ ជាមួយគ្នានេះ ឯកឧត្ដម សូមឱ្យតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាជួយផ្សព្វផ្សាយបន្ត និងជំរុញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ និងបង្ហោះលើអាសយដ្ឋានវេបរបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
ជាទីបញ្ចប់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលបន្តនៅតាមរាជធានី ខេត្ត ទៅតាមផែនការមេដែលបានកំណត់ និងប្រកបដោយភាពជោគជ័យ ហើយឯកឧត្តមបានប្រកាសបិទវគ្គបណ្ដុះបណ្ដាលស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»៕