នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើកំណែ ការស្រង់ និងបូកពិន្ទុនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការរៀបចំការប្រឡងដែលមានអនុគណៈកម្មការរៀបចំការប្រឡងចុះទៅបំពេញការងារនៅទូទាំង ២៥ រាជធានី ខេត្ត ហើយដែលការប្រឡងនោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ក្រោយបញ្ចប់ការប្រឡង អនុគណៈកម្មការរៀបចំការប្រឡងបានប្រគល់សន្លឹកកិច្ចការទៅឱ្យអនុគណៈកម្មការកណ្តាលនៅ គ.ជ.ប ដើម្បីបញ្ជូនទៅឱ្យអនុគណៈកម្មការកំណែ និងដាក់ពិន្ទុស្របតាមគោលការណ៍ណែនាំ និងតាមការកំណត់របស់ គ.ជ.ប។
ផ្អែកតាមរបាយការណ៍របស់ប្រធានអនុគណៈកម្មការកណ្តាលរៀបចំការប្រឡង បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សរុបទូទាំងប្រទេសមានចំនួន ៨៩០ រូប (ស្រី ១៦៧ រូប)។ បេក្ខជនដែលមានវត្តមានក្នុងពេលប្រឡងមានចំនួន ៨៦១ រូប អវត្តមានចំនួន ២៩ រូប។ អនុគណៈកម្មការកំណែបានចំណាយពេលមួយថ្ងៃ កែសន្លឹកកិច្ចការរបស់បេក្ខជនទៅតាមមុខតំណែងនីមួយៗ បន្ទាប់មកអនុគណៈកម្មការកណ្តាលរៀបចំការប្រឡងបានរៀបចំតារាងពិន្ទុសម្រាំង សម្ភាសន៍ ប្រឡងសរសេរ QCM និងពិន្ទុតេស្តកុំព្យូទ័ររបស់បេក្ខជននីមួយៗ។
ជាលទ្ធផលបេក្ខជនដែលបានប្រឡងជាប់ជាមន្រ្តីកិច្ចសន្យារយៈពេលខ្លីសរុបទូទាំងប្រទេសមានចំនួន ៥៥៥ រូប ហើយដែលត្រូវចូលបំពេញការងារតាមមុខតំណែងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានដូចខាងក្រោម៖
១. គ្រូបង្ហាត់
២. ជំនួយការរដ្ឋបាល
៣. ជំនួយការគណនេយ្យ
៤. ជំនួយការប្រតិបត្តិការ
៥. ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម
៦. លេខាធិការ
៧. ការីកុំព្យូទ័រ
៨. អ្នកបើកបររថយន្ត។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងសម្រេចឯកភាពលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ក្នុងរបៀបវារៈផ្សេងៗ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំបន្ថែមដល់អគ្គលេខាធិការ គ.ជ.ប និងមន្រ្តីជំនាញ ត្រូវពន្យល់ភាគីពាក់ព័ន្ធឱ្យច្បាស់អំពីកម្មវត្ថុនៃបណ្តឹងទាក់ទងនឹងបេក្ខជន និងបញ្ជីបេក្ខជននៃគណបក្សនយោបាយ រួមទាំងនីតិវិធីនៃការដោះស្រាយពាក្យបណ្តឹង។
ផ្អែកតាមផែនការការងារ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងត្រូវរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕