សេចក្តីប្រកាសព័ត៌មានលេខ ០១២ គ.ជ.ប.អគ្គ៖ គ.ជ.ប បិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

វគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្តីការ គ.ជ.ប រយៈពេល ៥ថ្ងៃ ស្តីពីការពិនិត្យបញ្ជី​ឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការកំណត់​ មានការសហការ និងការចូលរួមយ៉ាងសកម្មពីសិក្ខាកាម​។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធ និងផែនការមេ គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលមន្រ្តី គ.ជ.ប ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់ ហើយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ គ.ជ.ប បាននិងកំពុងធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់។

ឯកឧត្តម ម៉ុក ដារ៉ា បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ឱ្យត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្ត​នៅតាមលេខាធិការដ្ឋា​ន​រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ជូនដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ស្របតាមផែនការមេ ប្រតិទិន និងកម្មវិធីដែលបានកំណត់ បន្ទាប់ពីទទួលបាន​ការបណ្តុះបណ្តាលនេះ។ ទន្ទឹមនឹងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់ លធ.ខប អំពីការងារបណ្តុះបណ្តាលបន្ត និងការងារផ្ស​ព្វ​ផ្សា​យ ការអប់រំជូនដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប​។

ឯកឧត្តម ម៉ុក ដារ៉ា បានមានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ២០២៦ នេះ គ.ជ.ប នឹងបន្តធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតលើទិន្នន័យជីវមាត្រ បន្ទាប់ពី គ.ជ.ប បានសម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និង​ធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ គឺសំដៅដល់៖
-​ ការស្រង់ និងការលុបឈ្មោះអ្នកបោះឆ្នោត (អ្នកទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង)
-​ ការចុះឈ្មោះបោះឆ្នោត (ចុះឈ្មោះប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ចុះឈ្មោះប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី)
-​ ការកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) 
-​​​ ការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ)។


សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងត្រូវរៀបចំនៅថ្នាក់ គ.ជ.ប ចំនួន ១លើកទៀត សម្រាប់ លធ.ខប និងតំណាងភាគីពាក់ព័ន្ធ នៅថ្ងៃទី២៤-២៦ ខែសីហា ឆ្នាំ២០២៦ មុននឹងបន្តរៀបចំនៅថ្នាក់រាជធានី ខេត្ត និងនៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore