នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស) និងរូបភាពស្ប៉ុតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងបន្ថែមខ្លឹមសារក្នុងកំណត់ហេតុ ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធចំនួន ៨៤ ភាគី ដើម្បីផ្តល់យោបល់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានទទួលការផ្តល់យោបល់ពីភាគីពាក់ព័ន្ធទាំងនោះត្រឡប់មកវិញចំនួន ៤៧ ភាគី។ ក្រុមការងារតាក់តែងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានពិនិត្យ និងប្រជុំពិភាក្សាថ្នាក់អង្គភាពជំនាញ រួចបានលើកយោបល់ជូន គ.ជ.ប ទៅតាមចំណុចនីមួយៗដូចមានចែងក្នុងប្រការនៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ គ.ជ.ប ពិនិត្យ និងសម្រេច។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទាំងនោះ ទៅតាមជំពូកនីមួយៗ រួចបានសម្រេចម្តងមួយជំពូកៗ។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះមានទាំងអស់ចំនួន ១៤ ជំពូក និងមានឧបសម្ព័ន្ធចំនួន ៩។ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប លើការផ្តល់យោបល់លើបទបញ្ជា និងនីតិវិធីនេះ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប ត្រូវរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងពន្យល់បញ្ជាក់បន្ថែមដល់ភាគីទាំងអស់អំពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសអំពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងបានសម្រេចឯកភាពលើរូបភាពស្ប៉ុតវីដេអូ អនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១២:១៦ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕