សេចក្តីជូនដំណឹងលេខ ០១៦ គ.ជ.ប.ស.ជ.ណ ស្តីពី​ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្ស នយោបាយ សមាគម​ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដូចខាងក្រោម ៖​

I. ការដាក់​ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិចាត់តាំង ភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧។

- គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កា​ត់​ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ គណបក្សនយោបាយអាចថតចម្លងគំរូពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន។

- គណបក្សនយោបាយអាចទាញយក ទ.១០០៧ ពីអាសយដ្ឋានវេប www.nec.gov.kh។

- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ គណបក្សនយោបាយត្រូវផ្ញើសេចក្តីចម្លងប្រកាសនេះ ១ (មួយ) ច្បាប់មក គ.ជ.ប ដើម្បីតម្កល់ទុក ហើយសម្រាប់ការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅ កបឃ.ស គណបក្សនយោបាយគ្រាន់តែថតចម្លងសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ជាមួយពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)។

II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោត

១. ការដាក់​ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ

- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍បោះឆ្នោតជាតិ ចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧។

- សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួមសង្កេតការណ៍មើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបំ​ពេ​ញ​ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកស​ង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ​ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ ជាន់ទី​៣) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី។

- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីអាសយដ្ឋានវេប www.nec.gov.kh។

- អ្នកសង្កេតការណ៍បោះឆ្នោតជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោ​​ត (លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរាជធានី ខេត្តដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតកា​រណ៍បោះឆ្នោតជា​តិ​នៃរាជធានី ខេត្តនោះ។

២. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ

- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បញ្ចប់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៧។

- អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិដែលមានបំណងចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅទីស្តីការ គ.ជ.ប​(ការិយាល័យកិច្ចការគណបក្សនយោបាយ​ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៣) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី ឬតាមរយៈអ៊ីមែល info@nec.gov.kh។

- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីអាសយដ្ឋានវេប www.nec.gov.kh។

- អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប មានសិទ្ធិសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា។

III. សំណូមពរ

បន្ទាប់ពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសចប់សព្វគ្រប់ហើយសាមីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍ទាំងឡាយត្រូវធ្វើរបាយការណ៍ស្តីពីការរកឃើញ ការកត់សម្គាល់ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន ឆ្លងតាមរយៈថ្នាក់ដឹកនាំរបស់ខ្លួន ជូន គ.ជ.ប។

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិកបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore