សេចក្តីជូនដំណឹង​លេខ​ ០០៧​ គ.ជ.ប​.ស.ជ.ណ​ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖ 

ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖

-ដែលបានទទួលមរណភាព 

-ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន 

-ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយត្រូវមាន ឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់។

ការចុះឈ្មោះបោះឆ្នោត ជូនដល់៖

-ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក

-ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី​ ដោយត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។

ការកែតម្រូវទិន្នន័យជីវប្រវត្តិ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។

 

ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានជំនឿថា ប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore