សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១១ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបលោក ថូម៉ាស អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា

ឆ្លើយតបតាមសំណើរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ព្រឹក នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប លោក ថូម៉ាស អេនឌ្រូ (Thomas Andrews) ដើម្បីពិភាក្សាការងារ។

 

ជាកិច្ចស្វាគមន៍ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះ លោក ថូម៉ាស អេនឌ្រូ និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានមកស្វែងយល់ពីការងាររបស់ គ.ជ.ប។ លោក ថូម៉ាស អេនឌ្រូ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានអនុញ្ញាតជួបផ្ទាល់ដើម្បីស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា  ដោយលោកចង់ដឹងថា តើ គ.ជ.ប មានវិធីសាស្ត្រដូចម្តេចក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខឱ្យប្រកបទៅដោយភាពសេរី  ត្រឹមត្រូវ យុត្តិធម៌ និងមានការគោរពសិទ្ធិមនុស្ស។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានឆ្លើយតប និងជម្រាបជូនអំពីសាវតានៃការបោះឆ្នោតនៅកម្ពុជាថា ការបោះឆ្នោតលើកដំបូងនៅកម្ពុជាគឺនៅឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតសភាធម្មនុញ្ញ ហើយដែលបានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថា អ៊ុនតាក់ (UNTAC)។ សភាធម្មនុញ្ញបានតាក់តែង ហើយបានអនុម័តរដ្ឋធម្មនុញ្ញ បន្ទាប់មកសភាធម្មនុញ្ញក៏ក្លាយជារដ្ឋសភាបង្កើតរាជរដ្ឋាភិបាល។ តមករដ្ឋសភាក៏បានអនុម័តច្បាប់ជាច្រើនសម្រាប់រាជរដ្ឋាភិបាលដឹកនាំប្រទេស ដែលក្នុងនោះក៏មានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ។ ឯកឧត្តម បានបន្តថា  ចាប់តាំងពីឆ្នាំ១៩៩៨ មក ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដែលមានស្ថាប័ន គ.ជ.ប ជាអ្នករៀបចំចាត់ចែងការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបមកទល់ពេលបច្ចុប្បន្ន គ.ជ.ប រៀបចំការបោះឆ្នោតបានចំនួន ១៩លើក រួចហើយ។  ការវាយតម្លៃជាទូទៅលើការបោះឆ្នោតកន្លងមក ត្រូវបានមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជាពិសេសការបោះឆ្នោតឆ្នាំ១៩៩៨ ត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីសហរដ្ឋអាម៉េរិកបានវាយតម្លៃថាជា “អច្ឆរិយនៃដងទន្លេមេគង្គ”។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការបោះឆ្នោត គ.ជ.ប តែងតែធ្វើការសិក្សាស្រាវជ្រាវ ដើម្បីកែលម្អឱ្យការបោះឆ្នោតកាន់តែប្រសើរឡើងពីមួយអាណត្តិ ទៅអាណត្តិមួយទៀត។ នៅឆ្នាំ២០១៥  ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់ការបោះឆ្នោតយ៉ាងស៊ីជម្រៅលើក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌស្ថាប័ន និងការគ្រប់គ្រង ព្រមទាំងក្របខ័ណ្ឌបច្ចេកទេសនៃការបោះឆ្នោត ជាពិសេសលើការកែទម្រង់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីបោះឆ្នោត។

 

អំពីបច្ចុប្បន្នភាពនៃការរៀបចំការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា យោងតាមរដ្ឋធម្មនុញ្ញ “ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត” និងយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបោះឆ្នោតបានត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ឯកឧត្តម បានបន្តទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជាចែកជាពីរដំណាក់កាលធំៗគឺ ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលនៃការបោះឆ្នោត។ ដើម្បីដំណើរការទៅបានក្នុងដំណាក់កាលទាំងពីរនេះ ផ្អែកលើច្បាប់ដែលមានជាធរមាន គ.ជ.ប ត្រូវកសាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានជាច្រើនទៀតសម្រាប់ឱ្យមន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធអនុវត្ត។ ចំពោះបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតមុននឹងអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ.ជ.ប បានបញ្ជូនសេចក្តីព្រាងទៅភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋភិបាល សមាគម និងស្ថាប័នរដ្ឋពាក់ព័ន្ធ ដើម្បីចូលរួមផ្តល់យោបល់ រួចប្រមូលយកមតិយោបល់ទាំងនោះ មកពិនិត្យពិភាក្សាទើប គ.ជ.ប សម្រេចអនុម័ត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូន និងប្រៀបធៀបអំពីការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ១៩៩៨ ដែលធ្វើដោយដៃទៅនឹងការចុះឈ្មោះបោះឆ្នោតនាពេលបច្ចុប្បន្នធ្វើតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតជាបញ្ជីបោះឆ្នោត ហើយបញ្ជីបោះឆ្នោតត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ចំពោះចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានកើនឡើងជាលំដាប់ក្នុងឆ្នាំ២០២២ មាន ៨៩.២៨% ធៀបនឹងអ្នកមានអាយុ ១៨ឆ្នាំឡើង។ ដល់ឆ្នាំ២០២៥ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៩០.៥០% នៃអ្នកមានអាយុ ១៨ឆ្នាំឡើង (១០.១៦២.២៣២ នាក់)។

 

ករណីមួយទៀត ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនអំពីដំណាក់កាលបោះឆ្នោត ដែលបានចែកចេញជាបីដំណាក់កាលតូចៗ និងនីតិវិធីនៃការអនុវត្តទៅតាមដំណាក់កាលនីមួយៗរួមមាន ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត។ គ.ជ.ប បើកទូលាយសម្រាប់ការចូលរួមគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ ហើយបានបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់ដោយស្មើភាពគ្នា។ ឯកឧត្តម បានគូសបញ្ជាក់អំពីតម្លាភាពនៃការបោះឆ្នោតថា ការបោះឆ្នោតគឺជាការសម្ងាត់។ ភ្នាក់ងារគណបក្សនយោបាយមានវត្តមានសង្កេតមើលគ្រប់សកម្មភាពនៃដំណើរការបោះឆ្នោត និងការរាប់សន្លឹកនៅក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ពាក់ព័ន្ធនឹងការបោះឆ្នោត។ ប្រសិនបើមានពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត គ.ជ.ប នឹងធ្វើការដោះស្រាយរួចរាល់ទើបប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។

 

ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនាពេលខាងមុខ ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា ឆ្នាំ២០២៦ គ.ជ.ប កំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ទន្ទឹមនឹងនេះ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតក៏បានបញ្ជូនទៅភាគីព័ន្ធចូលរួមផ្តល់យោបល់។ ក្នុងដំណាក់កាលនៃការរៀបចំការបោះឆ្នោតនេះ គ.ជ.ប មានកម្មវិធីជាច្រើនដែលត្រូវធ្វើ ដូចជាការបណ្តុះបណ្តាល អប់រំដល់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ការផ្សព្វផ្សាយអប់រំសាធារណជនតាមគ្រប់មធ្យោបាយជាច្រើនរួមមានតាមវិទ្យុ ទូរទស្សន៍តាមអនឡាញជាដើម។ ជាពិសេស គ.ជ.ប តែងតែរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការ បោះឆ្នោតជាទៀងទាត់មាននៅថ្នាក់ជាតិ និងនៅថ្នាក់ខេត្ត ហើយកិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់ភាគីពាក់ព័ន្ធដែលចូលរួមមានមតិយោបល់លើកឡើង និងសំណូមពរផ្សេងៗ សម្រាប់ គ.ជ.ប ធ្វើការពិចារណា និងដោះស្រាយ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនអំពីជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានដំណើរការមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតចំនួន ៣ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ និងជំនួយជាសម្ភារ បរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ថ្មី ក្នុងទំហំទឹកប្រាក់ប្រមាណ ៥.៤ លានដុល្លារអាម៉េរិក សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។ ចំពោះការងារទំនាក់ទំនងជាមួយភាគីអន្តរជាតិផ្សេងទៀតគឺ គ.ជ.ប តែងតែទទួលជួបជាមួយបណ្ដាស្ថានទូត អង្គការអន្តរជាតិ ហើយ គ.ជ.ប ក៏ជាសមាជិកសមាគមរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា “អេវេប” (A-WEB) និងបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា “រីសែហ្វ” (RECEF)  ផងដែរ។


បន្ទាប់ពីបានស្តាប់ប្រសាសន៏របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ រួចមក លោក ថូម៉ាស អេនឌ្រូ បានចាប់អារម្មណ៍លើការបោះឆ្នោតកាលពីឆ្នាំ១៩៩៨ ពីព្រោះលោកក៏បានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះដែរ។ លោកក៏បានថ្លែងអំណរគុណចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ  ចំពោះដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ហើយថា លោកនឹងបន្តតាមដានជាបន្តទៀតចំពោះដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សនៅកម្ពុជា។

 

ជំនួបពិភាក្សារវាងភាគីទាំងពីរបានប្រព្រឹត្តទៅអស់រយៈពេលជាង ១ម៉ោង ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ៕
 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore