សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ គ.ជ.ប លេខ​ ០១០​ គ.ជ.ប​ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី និងខ្លឹមសារវីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍ ព្រមទាំងថែមខ្លឹមសារមួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

 

១.  របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២ 
ខែមិថុនា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលខ្លឹមសារ ហើយបានសម្រេចលើ
ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើ
ការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ 
សរុបចំនួន ៥៥៥ រូប  ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែល
ឯកសារទាំងនោះរួមមាន៖
-សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដែលមានមុខតំណែងដូចខាងក្រោម៖
-គ្រូបង្ហាត់
-ជំនួយការរដ្ឋបាល
-ជំនួយការគណនេយ្យ
-ជំនួយការប្រតិបត្តិការ
-ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម
-លេខាធិការ
-ការីកុំព្យូទ័រ
-អ្នកបើកបររថយន្ត។
-សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស
-សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង
-លិខិតជម្រាបជូនលោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត
-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការកណ្តាល
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការកំណែ
- សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការចែកពាក្យ និងទទួលពាក្យ
-បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង
-ប្រតិទិននៃការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។


៣.របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលខ្លឹមសារ ហើយបានសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដែលជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារតាមឃុំ សង្កាត់ សរុបចំនួន ១.៦៥២ នៃរាជធានី ខេត្ត ទាំង២៥ សរុបចំនួន ៣.៩០៤ រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលមានឯកសារដូចខាងក្រោម៖
-សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ
-សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស
-តារាងឃុំ សង្កាត់ នៃរាជធានី ខេត្ត ដែលត្រូវជ្រើសរើសសមាសភាព ក.ច.ប ចំនួន ៤ រូប
-សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ
-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការសម្របសម្រួល និងត្រួតពិនិត្យ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការជ្រើសរើសថ្នាក់រាជធានី ខេត្ត
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការកំណែ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការចែកពាក្យ ទទួលពាក្យ និងរៀបចំការប្រឡងតាមក្រុង ស្រុក ខណ្ឌ
-បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង 
-លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) អំពីការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត
-លិខិតជម្រាបជូនប្រធាន លធ.ខប និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ (កប.ឃស) ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត
-ប្រតិទិននៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ 


៤.របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើរូបភាពវីដេអូអប់រំដែលបាន      ផលិតរួចរួមមាន វីដេអូអប់រំរឿងខ្លី វីដេអូគំនូរជីវចល និងវីដេអូចម្រៀងកាយវិការ សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងបានឯកភាពដូចខាងក្រោម៖
-វីដេអូអប់រំរឿងខ្លីមានចំណងជើងថា៖
-រឿងទី១៖     “ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត”
-រឿងទី២៖     “ការប្តូរការិយាល័យបោះឆ្នោត”
-រឿងទី៣៖     “យុវជន និងការពិនិត្យបញ្ជីបោះឆ្នោតដំបូង”។
-វីដេអូគំនូរជីវចលមានចំណងជើងថា៖
-រឿងទី១៖     “ឯកសារប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”
-រឿងទី២៖     “ស្រុកកំណើតឆ្ងាយ និងការចុះឈ្មោះបោះឆ្នោត”
-រឿងទី៣៖     “ប្រយ័ត្នខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
-វីដេអូចម្រៀងកាយវិការមានចំណងជើងថា៖
-បទចម្រៀងទី១៖     “តស់! ទៅពិនិត្យបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥”
-បទចម្រៀងទី២៖     “យើងគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយ”
-បទចម្រៀងទី៣៖     “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង”។
៥.របៀបវារៈទី៥៖     អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ជាឯកសារសម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ បន្ទាប់ពីបានពិភាក្សាលើបទបញ្ជា និងនីតិវិធីរួចមក អង្គប្រជុំ គ.ជ.ប សម្រេចមិនទាន់ឱ្យប្រើឯកសារទាំងពីរខាងលើនេះ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះទេ ប៉ុន្តែអង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវសិក្សាបន្ថែម ដើម្បីប្រើប្រាស់ឯកសារនោះនៅពេលបោះឆ្នោតខាងមុខ។

 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១២:០០ នាទី នាថ្ងៃខែឆ្នាំដដែល៕
 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore