នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃជូនដល់ប្រធាន សមាជិក មន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងមន្រ្តី គ.ជ.ប ស្តីពី“ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ ដូច្នេះ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន ព្រមទាំងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ឱ្យបានកាន់តែសុក្រឹត ដើម្បីធ្វើផែនការចុះឈ្មោះបោះឆ្នោត តម្រូវការធនធានមនុស្ស និងតម្រូវការសម្ភារ បរិក្ខារ និងឯកសារផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពសន្សំសំចៃ។
ដោយផ្អែកតាមមេរៀនពិសោធន៍កន្លងមក និងស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនថា គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំថ្មី ដោយបានកែសម្រួលនីតិវិធី រូបមន្ត និងរបៀបនៃការគណនាតួលេខស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ឱ្យកាន់តែច្បាស់លាស់ ព្រមទាំងបានកំណត់អំពីគោលការណ៍នៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតំបន់ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ និងនៅតំបន់មណ្ឌលភៀសសឹក រួមទាំងវិធានការចាំបាច់ផ្សេងទៀត។
មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ទេព នីថា បានរំលឹកដល់អគ្គនាយកដ្ឋានជំនាញ និងនាយកដ្ឋានជំនាញថា បន្ទាប់ពី លធ.ខប ទាំងអស់ បានគណនាតួលេខ និងបញ្ជូនទិន្នន័យតាមកម្មវិធីកុំព្យូទ័រមក គ.ជ.ប រួចហើយ ត្រូវធ្វើកិច្ចសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ឬ/និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ និងបន្ស៊ីស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឱ្យសង្គតិភាពគ្នាមុននឹងលើកសំណើសុំ គ.ជ.ប ពិនិត្យសម្រេច សំដៅធានាឱ្យស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ខាងមុខកាន់តែមានសុក្រឹតភាព។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕