តបតាមការអញ្ជើញរបស់ប្រធានបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែល គ.ជ.ប ជាសមាជិកពេញសិទ្ធិ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប ចូលរួមក្នុងសិក្ខាសាលា និងសន្និបាតប្រចាំឆ្នាំ លើកទី១៤ របស់បណ្តាញ RECEF ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Namur ព្រះរាជាណាចក្រប៊ែលហ្សិក។
សិក្ខាសាលា និងសន្និបាតលើកនេះ ត្រូវបានរៀបចំឡើងនៅប្រទេសប៊ែលហ្សិក តាមការស្នើសុំពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃតំបន់ពិសេសវ៉ាឡង់នី នៃប្រទេសប៊ែលហ្សិក ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់បណ្តាញ RECEF កាលពីសិក្ខាសាលា និងសន្និបាត លើកទី១៣ ឆ្នាំ២០២៥ នៅប្រទេសសមាជិកកោះមូរីស។
ជាមួយគ្នានេះ សិក្ខាសាលា និងសន្និបាតនេះ នឹងផ្តោតសំខាន់លើមូលបទស្តីពីការរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយបរិយាបន្ន សុក្រឹតភាព ភាពពេញលេញ និងប្រកបដោយបច្ចេកវិទ្យាទំនើប។
Language:
EN