ញត្តិ​គាំទ្រ​

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ផ្ញើជូនជនរួមជាតិស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ” ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ប្រទេសថៃពីអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ (ដែលភាគីថៃហៅថា MOU44)។


 

អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001) នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយព្រំដែនសមុទ្រ និង តំបន់ទាមទារត្រួតស៊ីគ្នាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ ហើយការចូលជាធរមាននៃអនុស្សរណៈនៃ ការយោគយល់គ្នានេះបានសបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ។ ប៉ុន្តែការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពីអនុស្សរណៈនៃការយោគយល់នេះ គឺជាការ បោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់។


 

ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងសុច្ឆន្ទៈពិតប្រាកដដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃអាចរស់នៅជាមួយគ្នា ដោយសន្តិភាព និងសេចក្តីសុខយូរអង្វែង។


 

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីការការពារអធិបតេយ្យភាពជាតិ និងការកសាងសន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore