សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ គ.​ជ.ប លេខ​ ០០៨​ គ.ជ.ប​ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦

នាព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប និងសេចក្តីណែនាំស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។


ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាមរបៀបវារៈ ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយអង្គប្រជុំគ.ជ.ប បាន សម្រេចដូចខាងក្រោម៖

១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលពាក្យពេចន៍មួយចំនួន ហើយ បានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

 

២.របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ យោងតាមសេចក្តីព្រាងនោះ គឺណែនាំទៅលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) អាជ្ញាធរឃុំ សង្កាត់ និងមេភូមិចាត់ចែងអនុវត្ត ការស្រង់ស្ថិតិ និងការកំណត់ចំនួនការិយាល័យបោះឆ្នោត ហើយត្រូវបំពេញ ដូចខាងក្រោម រួមមាន៖


-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានក្នុងភូមិ

-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងឃុំ សង្កាត់

-តារាងចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

-បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋ និងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយសារការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ

-តារាងចំនួនអ្នកមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិន ធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ឃុំ សង្កាត់)

-តារាងចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែល មិនធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ភូមិ)។

 

៣.របៀបវារៈផ្សេងៗ៖ ក្រោយពីបានស្តាប់របាយការណ៍របស់គណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីក្របខ័ណ្ឌគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីលទ្ធផលប្រឡង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ រួចមក អង្គប្រជុំ គ.ជ.ប បាន សម្រេចឯកភាពតាមរបាយការណ៍ និងមតិយោបល់របស់គណៈកម្មការរៀបចំការប្រឡង លើលទ្ធផលជាប់ធ្លាក់របស់បេក្ខជននីមួយៗ។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាស ផ្សព្វផ្សាយជាសាធារណៈនៅទីស្តីការ គ.ជ.ប ព្រមទាំងបង្ហោះតាមអាសយដ្ឋានវេប គ.ជ.ប ។

 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅ វេលាម៉ោង ១១:២០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore