ញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ការចុះកិច្ចព្រមព្រៀងសន្តិភាពនេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមចូលរួមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតួនាទីស្នូលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។

ទន្ទឹមនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នាដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវឱ្យមានការបន្តគាំទ្រ និងការចូលរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ៕

 

ទាញយកកម្មវិធី(App) CamNEC News