សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៧ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រយៈពេល ៨ថ្ងៃ កន្លងទៅ

នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ក្នុងរយៈពេល ៨ថ្ងៃកន្លងទៅ។

ឯកឧត្តម ហេង ស៊ីឡេង បានជម្រាបជូនអង្គប្រជុំថា  ថ្ងៃសុក្រនេះ ជាថ្ងៃទី៩ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់។ ក្នុងរយៈពេល ៨ថ្ងៃនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប កត់សម្គាល់ឃើញថា មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅរលូនល្អ។ ក្រុមចុះឈ្មោះបោះឆ្នោតបានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងបានចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមប្រតិទិនរបស់ខ្លួន។ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងភាគីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំចម្រុះតាមប្រតិទិនការងារ ក្នុងគោលបំណងជួបពិភាក្សា តាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការការពារសន្តិសុខ សុវត្ថិភាព និងចាត់វិធានការផ្សេងៗ សំដៅធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ប្រព្រឹត្តទៅកាន់តែល្អប្រសើរ ប្រកបដោយសន្តិសុខ សុវត្ថិភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់កិច្ចសហការល្អតាមតួនាទី និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ នៅឃុំ សង្កាត់មួយចំនួនបានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋលើសម៉ោងការងាររដ្ឋបាល ដោយសារមានប្រជាពលរដ្ឋច្រើនរង់ចាំក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។ អ្នកសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម ហេង ស៊ីឡេង  បានបញ្ជាក់ជូនអំពីអាកាសធាតុថា  នៅប៉ុន្មានថ្ងៃមុនការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានបញ្ហាធាតុអាកាស និងភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ សង្កាត់មួយចំនួន ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ពាក់ព័ន្ធនឹងសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម បានមានប្រសាសន៍ថា កម្លាំងការពារមានចំនួនសរុប ១០.០៨៤នាក់ ក្នុងនោះគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។  ឯកឧត្តម បានមានប្រសាសន៍បន្តថា  ជារួមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស មកដល់ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងឡើយ។

ចំពោះការទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ហេង ស៊ីឡេង  បានបញ្ជាក់ជូនថា  គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ភ្នាក់ងារគណបក្សនយោបាយមានសរុបចំនួន ៣.៤៦៧នាក់ ក្នុងនោះស្រីមានចំនួន ១.១០២នាក់។ អ្នកសង្កេតការណ៍បោះឆ្នោតជាតិចំនួន ១.៦៤៦នាក់ ក្នុងនោះស្រីចំនួន ៦០៨នាក់។ ចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិពុំទាន់មានទេ។ ភ្ញៀវពិសេស មកពីសាកលវិទ្យាល័យតូក្យ៉ូ នៃប្រទេសជប៉ុន (The University of Tokyo,Japan) ចំនួន ១នាក់។ អ្នកសារព័ត៌មានជាតិសរុបចំនួន ៨នាក់ មកពី ២អង្គភាព។ ចំពោះអ្នកសារព័ត៌មានអន្តរជាតិពុំទាន់មានទេ។ ពាក្យបណ្តឹងគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្តឹងណាមួយឡើយ។
ជារួមលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៨ ខែឧសភា នេះ គ.ជ.ប បានទទួលតួលេខបណ្តោះអាសន្ន មានដូចខាងក្រោម៖

-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៩.១៤៥នាក់      
-អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១៨.៦០៦នាក់          
-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ២៣៧.៩៩០នាក់       
-អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៤៣៤.៦៧៥នាក់    
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤៨.៧៣៩នាក់។
    
អំពីបញ្ហាប្រឈមនានាក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ហេង ស៊ីឡេង បានជម្រាបជូនថា ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត។ សម្ភារ បរិក្ខារសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការយឺត ដូចជា ខ្សែ Network Camera ជាដើម។ ឃុំ សង្កាត់មួយចំនួននៅតំបន់ដាច់ស្រយាលមានសេវាអ៊ីនធឺណិតខ្សោយពិបាកក្នុងការបញ្ជូនទិន្នន័យតាម VPN មក គ.ជ.ប។ ប្រជាពលរដ្ឋមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រភាគច្រើនជាមនុស្សចាស់ដែលមានស្នាមម្រាមដៃ មានសភាពសឹករិចរិល ពិបាកក្នុងការផ្តិតយកស្នាមម្រាមដៃ។ ឃុំ សង្កាត់ ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន ដែលបង្កជាផលរំខានមួយចំនួនតូចដល់ក្រុមចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត។


សរុបជារួមមក ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរយៈពេល ៨ថ្ងៃ កន្លងមកនេះ គ.ជ.ប សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។ ហើយក្នុងនាម គ.ជ.ប ឯកឧត្តម បានថ្លែងអំណរគុណ  និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោត ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងដោយជោគជ័យ។


ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានចម្ងល់អំពីតួលេខដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ហើយ គ.ជ.ប បានបញ្ជាក់ជូនថា តួលេខអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៥៥.៩០៤នាក់ នោះគឺជាតួលេខប៉ាន់ស្មាន។ គ.ជ.ប មិនទាន់លុបឈ្មោះនរណាម្នាក់ចេញពីបញ្ជីបោះឆ្នោតទេ។ នៅពេលបញ្ចប់ការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំបង្កើតជាបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួចបិទផ្សាយជាសាធារណៈ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងករណីឃើញថា មានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។


មុននឹងបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប ឯកឧត្តម ហេង ស៊ីឡេង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបានសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។ 


ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ-សម្បទា តំណាងគណបក្សនយោបាយចំនួន ១៦ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៣ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណចំនួន ៦០នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News