អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមអធិបតីភាពឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប។
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ-បោះឆ្នោត ឆ្នាំ២០២៥ មានប្រធានបទ ដូចខាងក្រោម៖
- ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤
- ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត
- លទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕