នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដែលជា មន្ត្រីកិច្ចសន្យារយៈពេលខ្លី និងសៀវភៅណែនាំ ព្រមទាំងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងបានកែសម្រួលលើចំណុចនីមួយៗនៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ
គ.ជ.ប បានឯកភាពដូចខាងក្រោម៖
១.របៀបវារៈទី១៖ បានសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ បានសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤.១០៤ រូប ដែលជាមន្រ្តីកិច្ចសន្យារយៈពេលខ្លី ដើម្បីឱ្យបម្រើការងារតាមឃុំ សង្កាត់ សរុបចំនួន ១.៦៥២ នៃរាជធានី ខេត្ត ទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានដូចខាងក្រោម៖
-សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ
-សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស
-តារាងឈ្មោះឃុំ សង្កាត់ នៃរាជធានី ខេត្ត ដែលត្រូវជ្រើសរើសសមាជិក ក.ច.ប បន្ថែមចំនួន ២ រូប
-សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ
-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការសម្របសម្រួល និងត្រួតពិនិត្យ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការជ្រើសរើសថ្នាក់រាជធានី ខេត្ត
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការកំណែ
-សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការចែកពាក្យ ទទួលពាក្យ និងរៀបចំការប្រឡងតាមក្រុង ស្រុក ខណ្ឌ
-បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង
-លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត
-លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត
-ប្រតិទិននៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ យោងតាមប្រតិទិននៃការប្រឡងក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤.១០៤ រូប ដែលជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី នឹងត្រូវធ្វើការប្រកាសជ្រើសរើសតាមរយៈការប្រឡង ក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
៣.របៀបវារៈទី៣៖ បានសម្រេចលើសៀវភៅ និងឯកសារសម្រាប់ប្រើប្រាស់ រួមមាន៖
-សៀវភៅណែនាំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមានចំនួន ៧៨ ទំព័រ
-ឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមាន ១២ ឧបសម្ព័ន្ធ សរុបចំនួន ៥៥ ទំព័រ។
អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:៥៤ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕