សេចក្តីប្រកាសព័ត៌មានលេខ ១៣២ គ.ជ.ប.អគ្គ៖ គណបក្សនយោបាយបានឯកភាពលើទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស ជាអក្សរពេញ និងអក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទាំង ៤ គណបក្ស ដើម្បីពិនិត្យមើលទំហំសញ្ញាសម្គាល់ (Logo) និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ និងអក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប។

 

ឯកឧត្ដម តុប ឫទ្ធី បានមានប្រសាសន៍ថា ការអញ្ជើញតំណាងគណបក្សនយោបាយធ្វើការពិនិត្យមើលទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស នៅថ្ងៃនេះ គឺមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ និងអក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។

 

ឯកឧត្ដមបានជម្រាបជូនទៀតថា សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ និងអក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺទទួលបានពីសាមីគណបក្សនយោបាយនីមួយៗ ដែលបានដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។

 

ក្រោយពីបានពិនិត្យ និងផ្ទៀងផ្ទាត់រួចមក តំណាងគណបក្សមួយចំនួនបានចូលរួមមតិយោបល់ពីការរៀបចំទម្រង់សន្លឹកឆ្នោត ហើយកែសម្រួលលើលក្ខណៈបច្ចេកទេស រួចតំណាងគណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ឆន្ទៈខ្មែរ និង គណបក្ស កម្លាំងជាតិ បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស ជាអក្សរពេញ និងអក្សរកាត់ របស់គណបក្សនយោបាយខ្លួន សម្រាប់ដាក់លើសន្លឹកឆ្នោត។

 

គ.ជ.ប នឹងចាត់ចែងផលិត និងបោះពុម្ពសន្លឹកឆ្នោតឱ្យបានទាន់ពេលវេលា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕

ទាញយកកម្មវិធី(App) CamNEC News