សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​ លេខ​ ០៤៤ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជា​តិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភា​ព​​ដ៏ខ្ពង់​​ខ្ព​ស់រប​ស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើចំនួនអ្នកបោះឆ្នោតនៃបញ្ជីបោះឆ្នោតដំបូង និងបញ្ជីអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

 

 បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេច ដូចខាងក្រោម ៖

 

១.   ឯកភាពលើចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ឃុំ សង្កាត់ធ្វើការបិទផ្សាយ ជាសាធារណៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

 

       តាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩.៩៩២.៤២១ នាក់ (ស្ត្រី ៥.៣០៤.៨៥៥នាក់) ស្មើនឹង ៨៩,០៧% ធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងចំនួន ១១.២១៨.០៦៩ នាក់ ហើយការិយាល័យបោះឆ្នោតចំនួន ២៤.១៩០ ការិយាល័យ ។

 

២.   ឯកភាពលើសេចក្តីព្រាងសេចក្តីជូនដំណឹង និងទម្រង់បែបបទសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃ

 

       ខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន ៖

-    សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគsណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

-    សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

-    ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត (ទម្រង់ ១០០៧)

-    ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ (ទម្រង់ ១០០៨)

-    គំរូបង្កាន់ដៃទទួលពាក្យ និងសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

-    ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

-    គំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត-ការណ៍អន្តរជាតិ និងភ្ញៀវពិសេស។

                       

យោងប្រតិទិននៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ 

 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៥៦នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល​៕

ទាញយកកម្មវិធី(App) CamNEC News