នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការ បោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេសឆ្នាំ២០២៤ ត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០ នាទីល្ងាច និងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់។ ក្នុងរយៈពេល ១៦ថ្ងៃ កន្លងមកនេះ ឯកឧត្ដម បានកត់សម្គាល់ឃើញថា គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅរលូនល្អ។ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់កិច្ចសហការល្អ តាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដំណើរការល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ ភាគីពាក់ព័ន្ធនានា បានអញ្ជើញចូលរួមយ៉ាងសកម្មតាមភារកិច្ចរៀងៗខ្លួន ទាំងនៅថ្នាក់ គ.ជ.ប ថ្នាក់ លធ.ខប និងថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងច្រើនក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ គ.ជ.ប បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងដោយមានការចូលរួម ផ្សព្វផ្សាយពីអ្នកសារព័ត៌មានយ៉ាងច្រើន ធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករ។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរការកន្លងទៅនេះ ទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន មានផ្គររន្ទះ ខ្យល់កន្រ្តាក់ បង្កជាផលរំខានមួយចំនួនដល់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងពេលចល័តការិយាល័យតាមភូមិ និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ប៉ុន្តែក៏មិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ ព្រោះក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) មានគោលដៅ ច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងស្មារតីនេះហើយ ទើបឃើញមានការិយាល័យចុះឈ្មោះមួយចំនួន ដូចជា នៅសង្កាត់ត្រពាំងក្រសាំងនៃខណ្ឌពោធិ៍សែនជ័យ សង្កាត់បឹងធំនៃខណ្ឌកំបូល រាជធានីភ្នំពេញ និងការិយាល័យចុះឈ្មោះមួយចំនួនទៀតនៅតាមឃុំ សង្កាត់នៃរាជធានី ខេត្ត បានបង្កើនពេលវេលាចុះឈ្មោះនៅម៉ោងដែលខ្លួនត្រូវទទួលទានអាហារថ្ងៃត្រង់។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះ គឺក្រុមចុះឈ្មោះបានព្យាយាមបង្ខិតទីតាំងការិយាល័យ ចុះឈ្មោះទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះបោះឆ្នោត។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានធ្វើការបូកសរុបថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១៦ថ្ងៃកន្លងមកនេះ ឯកឧត្ដម បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោត ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្ដម បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បញ្ចប់ទៅដោយរលូន និងជោគជ័យ។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍អំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ មានដូចខាងក្រោម៖
- អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧១.០៣០នាក់ (ស្រីចំនួន ៨៦.០៦០នាក់)
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៥.១៥២នាក់
- អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ២៥.៧៨២នាក់
- អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥២.១៥៤នាក់
- អ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបមានចំនួន ៩.៩៨៩.៥២៧នាក់ (ស្រី ៥.៣០៣.១៨៦នាក់) ស្មើនឹង ៨៩,០៥% ធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១១.២១៨.០៦៩នាក់។
ឯកឧត្ដម បានបន្តថា តួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃចុងក្រោយនេះ។
អំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមាន បណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបំពេញរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដាក់ចូលក្នុងកញ្ចប់តាមនីតិវិធីនៃការវេចខ្ចប់ រួចបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងបន្តមក គ.ជ.ប។ ឯកឧត្ដម បានបញ្ជាក់ថា នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទទួលបានពាក្យបណ្តឹងណាមួយទេគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបោះឆ្នោតដំបូង ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា នៅពេលទទួលបានទិន្នន័យនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវធ្វើការផ្ទៀងផ្ទាត់ជាប្រចាំនូវទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត បញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រដោយក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួលបានតាមថ្ងៃនីមួយៗ ជាមួយនឹងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងឯកសារ ដែលថតភ្ជាប់មកជាមួយ។ ជារួម នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវរៀបចំតាមនីតិវិធីដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូង មុននឹងធ្វើការបិទផ្សាយជាសាធារណៈ។ គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋបានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងករណីរកឃើញថាមានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានបន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះគឺគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំបានលើកជាសំណួរថា តើការមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមគេហទំព័រ ឬតាម App របស់ គ.ជ.ប អាចយកជាការបានឬទេ?
គ.ជ.ប បានឆ្លើយទៅនឹងសំណួរខាងលើថា បញ្ជីបោះឆ្នោតដំបូង គ.ជ.ប នឹងបិទផ្សាយនៅ តាមសាលាឃុំ សង្កាត់ នៅទីប្រជុំជន និងផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ គ.ជ.ប ប្រជាពលរដ្ឋ អាចឆែកមើលតាមបណ្តាញសង្គមបាន ប៉ុន្តែប្រសិនបើមានពាក្យបណ្តឹងតវ៉ា ឬជំទាស់ទាក់ទងទៅនឹងការបាត់ឈ្មោះ ឬខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូង សាមីខ្លួនត្រូវទៅដាក់ពាក្យបណ្តឹងនៅតាមសាលាឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ ចំនួន ៦ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩ ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួនប្រមាណជាង ៤០ នាក់៕