សេចក្តីប្រកាសព័ត៌មានលេខ ០៥១ គ.ជ.ប.អគ្គ៖ ស្តីពី ការផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេសកម្ពុជា អំពីសារៈសំខាន់នៃការបោះឆ្នោត។

កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ នឹងត្រូវធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តាមរយៈការផ្ទេរភារកិច្ចជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយ និងបកស្រាយសំណួរ ឬចម្ងល់ និងសំណូមពររបស់មិត្តអ្នកស្តាប់ ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់រយៈពេល ២៨ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។ កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ធ្វើការស្វែងយល់ និងស្រាយចម្ងល់របស់ខ្លួន ជាពិសេសអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង អាចត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។    

សូមបញ្ជាក់ថា កម្មវិធីនេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យ ព្រមទាំងការកោត-សរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ឆ្នាំ២០១៨ ឆ្នាំ២០២២ និងឆ្នាំ២០២៣។  អាស្រ័យហេតុនេះ សូមបងប្អូនប្រិយមិត្តអ្នកស្តាប់ទាំងអស់ រង់ចាំតាមដានស្តាប់ និងចូលរួមសាកសួរទៅកាន់វាគ្មិនដោយមេត្រីភាព៕
 

ទាញយកកម្មវិធី(App) CamNEC News