សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៩ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២៤ វីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយ សៀវភៅណែនាំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងការបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេស។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖

១. ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖

- ប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

- សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

២. ឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំ ចំនួន ៣ រឿង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក

ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមានដូចខាងក្រោម៖

- ស្ប៉តវីដេអូអប់រំ មានចំណងជើងថា “តើអ្វីជាការបោះឆ្នោតអសកល” 

- ស្ប៉តវីដេអូអប់រំ មានចំណងជើងថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា” 

- ស្ប៉តវីដេអូអប់រំបែបគំនូរជីវចល មានចំណងជើងថា “ការឃោសនាបោះឆ្នោត”។

៣. ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅណែនាំ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។    

៤. ឯកភាពលើខ្លឹមសារសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេស។ សៀវភៅច្បាប់ជាភាសាអង់គ្លេសនេះ ត្រូវថែមខ្លឹមសារបញ្ជាក់ថា សម្រាប់ប្រើប្រាស់ផ្ទៃក្នុង គ.ជ.ប។

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:៥០នាទី នាថ្ងៃខែឆ្នាំដដែល៕
 

ទាញយកកម្មវិធី(App) CamNEC News