សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៦ គ.ជ.ប​ ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចាប់ផ្តើមពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា និងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ទម្រង់បែបបទ (ទ.១០០៨) មានផ្តល់ជូនដោយឥតគិតថ្លៃ ដែលគណបក្សនយោបាយ អាចមកទទួលយកនៅទីស្តីការ គ.ជ.ប លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។ 

ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនអំពីភាពមានសិទ្ធិ និងគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន លក្ខខណ្ឌ និងបែបបទក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការដាក់ពាក្យសុំច្បាប់ពិសេស ឬលាចាកសិក្ខាបទ។ អំពីភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជន ឯកឧត្ដម បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិ រួមមាន មានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ក)។ ចំពោះភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សា-ធម្មនុញ្ញ រាជរដ្ឋាភិបាល ចៅក្រម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តី បុគ្គលិកបម្រើការងាររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិក្នុងមុខតំណែង។ល។

ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនយ៉ាងលម្អិតអំពី លក្ខខណ្ឌ និងបែបបទក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការដាក់ពាក្យសុំច្បាប់ពិសេស ឬលាចាកសិក្ខាបទ។ ឯកឧត្តម បានជម្រាបជូនបន្តទៀតថា ដើម្បីជួយសម្រួលដល់គណបក្សនយោបាយក្នុងការរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ កម្មវិធីនេះបានជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបញ្ជីបេក្ខជនរបស់ គណបក្សនយោបាយនីមួយៗ។ មកទល់ពេលនេះមានគណបក្សនយោបាយចំនួន ២ ហើយដែលបានដាក់ពាក្យស្នើសុំប្រើប្រាស់កម្មវិធីរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយ គ.ជ.ប គឺ គណបក្ស ប្រជាជនកម្ពុជា និង គណបក្ស ឆន្ទៈខ្មែរ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបជូនអំពីនីតិវិធីនៃការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ឯកឧត្តម បានបញ្ជាក់ជូនថា សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។

អំពីការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបជូនថា បន្ទាប់ពីបានទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្រោយពីបានចាប់ឆ្នោត កំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោតរួចហើយ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវចាត់ចែងថតចម្លងបន្ថែមនូវបញ្ជីរាយនាមគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមលំដាប់លេខរៀង និងតាមមណ្ឌលនីមួយៗ ដើម្បីបិទផ្សាយក្នុងមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ។ គធ.ខប ត្រូវចាត់ចែងបិទផ្សាយក្នុងរយៈពេលយ៉ាងតិច ៤៥ (សែសិបប្រាំ) ថ្ងៃ មុនថ្ងៃបោះឆ្នោត។ បញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។
អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបជូនថា នីតិវិធីនៃការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ គធ.ខប តាមទម្រង់បែបបទ ទ.១០០៧ និងត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬ តំណាង ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។ 

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា ភ្នាក់ងារគណបក្សនយោបាយដែលសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោតនៃក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ត្រូវពាក់បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយដែលចេញដោយ គធ.ខប។

មានសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះថា តើមានកំណត់លក្ខខណ្ឌអំពីការអប់រំរបស់បេក្ខជនដែរឬទេ? ពីព្រោះកន្លង បេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយខ្លះ មិនបានពិនិត្យមើលកម្រិតនៃការអប់រំរបស់បេក្ខជនទេ។

គ.ជ.ប បានបញ្ជាក់ជូនថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ លក្ខខណ្ឌសម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោត តាមច្បាប់ និងបទបញ្ជា និងនីតិវិធី គឺមិនកំណត់តឹងតែងពេកទេ។ ប៉ុន្តែតាមបទពិសោធន៍ កន្លងមកឃើញថា គណបក្សនយោបាយខ្លះ ដាក់បេក្ខជនឈរឈ្មោះដែលមានបទពិសោធន៍ការងារ។ ម្យ៉ាងទៀត បើបេក្ខជនជាយុវជន ច្រើនតែមានបរិញ្ញាបត្រឡើងទៅ។

នេះជាកិច្ចប្រជុំលើកទីបី ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងយុត្តិធម៌ តំណាងគណបក្សនយោបាយ ចំនួន ១៦ គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៣ តំណាងស្ថានទូតរុស្ស៊ី ព្រមទាំង អ្នកសារព័ត៌មាន ចំនួនជាង ៦០ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News