សេចក្តីជូនដំណឹងលេខ ០៣៤ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖

* ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

* ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

* ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលនៅតាមការិយាល័យបោះឆ្នោត

* ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។


កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន ដែលជាប្រធានដឹកនាំកិច្ចប្រជុំ។


សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News