សេចក្តីប្រកាសព័ត៌មានលេខ ០២៧ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីដប់ពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤ គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ឃើញថា៖

- គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅគ្រប់ភូមិភាគ។

- គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តព្រៃវែង នៃភូមិភាគទី៦ ។

- គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ និងបានជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨ ។

- គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមមាត្រា ១៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ 

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨ ។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450
 

ទាញយកកម្មវិធី(App) CamNEC News