សេចក្តីប្រកាសព័ត៌មានលេខ ០២០ គ.ជ.ប.អគ្គ៖ វគ្គបណ្ដុះបណ្ដាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបិទបញ្ចប់

វគ្គបណ្ដុះបណ្ដាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រយៈពេល ២ថ្ងៃ ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤  បានបិទបញ្ចប់នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា ថ្វីត្បិតតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងក៏ដោយ ក៏ថ្នាក់ដឹកនាំ គ.ជ.ប ជាពិសេសឯកឧត្តមប្រធាន គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការងារនេះអាចសម្រេចទៅបាន គឺអាស្រ័យដោយមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ មានការយល់ដឹងច្បាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីត្រៀមអនុវត្ត និងចូលរួមសហការអនុវត្តតាមមុខការរៀងៗខ្លួន។ ហេតុនេះហើយទើប គ.ជ.ប ត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ដើម្បីផ្តល់នូវការយល់ដឹងពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការទទួលខុសត្រូវ។

ឯកឧត្ដមបានជម្រាបជូនផងដែរថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គ.ជ.ប តែងតែបានដកពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតមុនៗ មកធ្វើជាមូលដ្ឋានក្នុងការកែលម្អលក្ខណៈបច្ចេកទេសនៃការបោះឆ្នោតជាបន្តបន្ទាប់ឱ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដែលមានការចូលរួមពិគ្រោះ និងផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្តែង គ.ជ.ប បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយយកលំនាំតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលការបោះឆ្នោតនេះត្រូវបានវាយតម្លៃជាទូទៅថា មានភាពល្អប្រសើរជាងការបោះឆ្នោតលើកមុនៗ ព្រមទាំងត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិកោតសរសើរអំពីដំណើរការបោះឆ្នោត ក៏ដូចជាការងារបច្ចេកទេស។

មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានណែនាំដល់ គធ.ខប ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្រ្តីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងរាជធានី ខេត្តរៀងៗខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានស្នើឱ្យគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រួមនឹងក្រមសីលធម៌ ដើម្បីចូលរួមធ្វើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ពាក់ព័ន្ធជាធរមាន។

សិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមានចំនួនសរុប ១៨៧ នាក់ ដែលរួមមាន៖

* ប្រធាន គធ.ខប ទាំង ២៥ 
* ប្រធានលេខាធិការដ្ឋាននៃ គធ.ខប ទាំង ២៥ 
* សមាជិក គធ.ខប ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ 
* សមាជិក គធ.ខប ដែលជាប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស 
* តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច
* តំណាងមកពី ១៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល 
* តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ និង
* មន្រ្តី គ.ជ.ប និងគ្រូបង្ហាត់ គ.ជ.ប ៕
 

ទាញយកកម្មវិធី(App) CamNEC News