សេចក្តីជូនដំណឹងលេខ​ ០១៥ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងធ្វើការបណ្ដុះបណ្ដាលដល់ភាគីពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ។

វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមកម្មវិធីដូចខាងក្រោម៖

-    នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ បើកវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប 

-    នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទី បិទវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕
 

ទាញយកកម្មវិធី(App) CamNEC News