សេចក្តីជូនដំណឹងលេខ ០១៤ គ.ជ.ប.អគ្គ៖ ប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតសកលនៅសាធារណរដ្ឋឥណ្ឌូនេស៊ី

​​តបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ដើម្បីអញ្ជើញចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតសកលនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដម ហង្ស ពុទ្ធា នឹងវិលត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤  ហើយក្នុងឱកាសនោះ ឯកឧត្ដម នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតខាងលើនេះ នាវេលាម៉ោង ១០:៣០នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននេះកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News