សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ​ ០០៧ គ.ជ.ប ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួល និងសម្រេចដូចខាងក្រោម៖

១. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៤ រួមមាន៖

• សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

• ប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

• ផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

២. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

• សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ។

• សេចក្តីជូនដំណឹងស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

• គំរូពាក្យសុំបង្កើតគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។

• គំរូលិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្ស នយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។

• ទម្រង់បែបបទលេខ ១០០៨ (ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ)។

• ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)។

• គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ។

• គំរូបណ្ណសម្គាល់ ចំនួន ៥ ប្រភេទ (បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍ អន្តរជាតិ និងភ្ញៀវពិសេស)។

៣. ឯកភាពលើសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

៤. ឯកភាពលើសេចក្តីសម្រេចស្តីពីនីតិវិធីនៃការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៥. ឯកភាពលើបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

៦. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ រួមមាន៖

• លិខិតបង្គាប់ការក្រុមសម្របសម្រួលថ្នាក់កណ្តាល ក្រុមទទួលសម្ភារ បរិក្ខារ និង ឯកសារបោះឆ្នោត ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ក្រុមបែងចែកអាសនៈ និងក្រុមជំនួយការសម្រាប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

• ចំណាត់ការស្តីពីការប្រគល់ ទទួលសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោត ការត្រួតពិនិត្យ ភាពត្រឹមត្រូវ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

• ប្រតិទិននៃការប្រគល់ ទទួលសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោត។

៧. អនុម័តផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៨. ឯកភាពលើឯកសារពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

• សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ។

• ទម្រង់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប។

• បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

៩. ឯកភាពលើខ្លឹមសារបដាផ្សព្វផ្សាយស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
 

មុនបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តមទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យមើលពេលវេលាដែល គ.ជ.ប ត្រូវផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងករណីគ្មានពាក្យបណ្តឹង ឬបណ្តឹងត្រូវបានដោះស្រាយចប់ស្ថាពរ៕
 

ទាញយកកម្មវិធី(App) CamNEC News