សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧៧ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖ 

១.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សឆន្ទៈខ្មែរ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស-តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

 ២.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកម្លាំងជាតិ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស-តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ 

៣.ចេញលិខិតជូនដំណឹងទៅ គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត។ ខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែម មានដូចខាងក្រោម៖ 

•សេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមមានទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា។ •បង្កាន់ដៃបង់ប្រាក់តម្កល់ ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។

 ៤.ក្នុងរបៀបវារៈផ្សេងៗ ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប សម្រេចឱ្យនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត អនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន ៩ (ប្រាំបួន) របស់ក្រុមប្រឹក្សាឃុំ ចំនួន ៦ (ប្រាំមួយ) នៃខេត្តកំពង់ស្ពឺ ដែលសម្រេចរក្សាទុកឈ្មោះ ចំនួន ១ (មួយ) បណ្តឹង និងសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ចំនួន ៨ (ប្រាំបី) បណ្តឹង។ 

៥.ឯកភាពលើរូបភាពស្ប៉តវីដេអូអប់រំរឿង ចំនួន ១ (មួយ) រឿង សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ យោងតាមប្រតិទិននៃការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ទាញយកកម្មវិធី(App) CamNEC News