សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​ លេខ ០៧៤ គ.ជ.ប ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្ដម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយ ដោយឥតគិតថ្លៃ នៅទីស្ដីការ  គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

ឯកឧត្ដម ឌឹម សុវណ្ណារុំ មានប្រសាសន៍ទៀតថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌតាមកំណត់នៃច្បាប់៖

- មានសញ្ជាតិខ្មែរពីកំណើត

- មានអាយុ ៤០ (សែសិប) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត

- មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត

- បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួន ២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប

- មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា

- មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការអនុវត្ត សិទ្ធិបោះឆ្នោតខាងលើ ត្រូវបានកំណត់យកត្រឹមការបោះឆ្នោតជាសកលមួយលើកចុងក្រោយ ដែល រៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជន មានដូចខាងក្រោម៖

- មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបព្វជិតសាសនា ឬ

- ជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែល មិនទាន់មាននីតិសម្បទាឡើងវិញ ឬ

- ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត

- ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច ឬ

- ជនដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះ ពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប ឬ

- សមាជិក គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ

- សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬ

- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍បន្តទៀតថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីនេះ ចំនួន ២ (ពីរ) ច្បាប់ និងមានឯកសារភ្ជាប់មកជាមួយ ចំនួន ១០ (ដប់) ច្បាប់។

ចំពោះការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវពិនិត្យសម្រេច ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យសុំ។

អំពីការប្ដឹងតវ៉ា និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ក្នុងករណីគណបក្សនយោបាយមិនបានបំពេញគ្រប់លក្ខខណ្ឌ គ.ជ.ប នឹងចេញលិខិតជូនដំណឹងទៅគណបក្សនយោបាយដែលបានស្នើសុំ ដើម្បីកែតម្រូវ ឬបំពេញចំណុចខ្វះខាតយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង។ ប្រសិនបើដល់ពេលកំណត់ គណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌដែលបានកំណត់ គ.ជ.ប ចាត់ទុកថា គណបក្សនយោបាយនោះ បានបោះបង់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមសេចក្ដីសម្រេចបដិសេធលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយនោះ។ បេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយត្រូវបានបដិសេធដោយ គ.ជ.ប សាមីខ្លួន ឬសាមីគណបក្សនយោបាយ ឬតំណាងអាចប្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសេចក្ដីសម្រេចបដិសេធ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ក្នុងរយៈពេល ១០ (ដប់) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំនោះ អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ២ (ពីរ) ច្បាប់នោះ តើត្រូវដាក់ឯកសារច្បាប់ដើមទាំង ២ (ពីរ) ច្បាប់ ឬអាចប្រើឯកសារច្បាប់ចម្លងបាន?

គ.ជ.ប បានបញ្ជាក់ជូនថា គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមទម្រង់ ១០០៨ នេះ ច្បាប់ដើម ១ (មួយ) ច្បាប់ និង ១ (មួយ) ច្បាប់ទៀត អាចប្រើឯកសារថតចម្លង។  

នេះជាកិច្ចប្រជុំលើកទីបី ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក-ព្រឹទ្ធសភា នីតិកាលទី៥ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាន-ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៧១ នាក់៕

ទាញយកកម្មវិធី(App) CamNEC News