អនុលោមតាមមាត្រា ៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្ដីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងជាសាធារណៈដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ ជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះ ៖
- សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
- សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប
- សមាជិកព្រឹទ្ធសភា ចំនួន ៥៨ (ហាសិបប្រាំបី) រូប ទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ (ប្រាំបី) ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម ៖
• ភូមិភាគទី ១ រាជធានីភ្នំពេញ មាន ៦ (ប្រាំមួយ) អាសនៈ
• ភូមិភាគទី ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ (ប្រាំបី) អាសនៈ
• ភូមិភាគទី ៣ ខេត្តកណ្ដាល មាន ៥ (ប្រាំ) អាសនៈ
• ភូមិភាគទី ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ (ដប់) អាសនៈ
• ភូមិភាគទី ៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧ (ប្រាំពីរ) អាសនៈ
• ភូមិភាគទី ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ (ប្រាំពីរ) អាសនៈ
• ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩ (ប្រាំបួន) អាសនៈ
• ភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ (ប្រាំមួយ) អាសនៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ ជ្រាបជាព័ត៌មាន។