សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​ លេខ​ ០៦៣ គ.ជ.ប ស្តីពី ការផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ស្ថិតិប៉ាន់ស្មានចំនួនប្រជាពលរដ្ឋ និងចំនួនការិយាល័យ បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បាន ដាក់ចេញនូវផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនបន្តទៀតថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដាក់ចេញនូវសេចក្តីណែនាំរួមស្តីពី កិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ជូនអំពីមុខសញ្ញាសំខាន់ៗដែលត្រូវការពារ រួមមាន៖

•  ប្រធាន អនុប្រធាន និងសមាជិក ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃ គ.ជ.ប

•  ប្រធាន អនុប្រធាន សមាជិក និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ លធ.ខប

•  សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)

•  ពលរដ្ឋដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

•  អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងភ្នាក់ងាររបស់គណបក្សនយោបាយ។

និង គោលដៅសំខាន់ៗដែលត្រូវការពារ រួមមាន៖

•  ទីស្តីការ គ.ជ.ប និងទីស្នាក់ការ លធ.ខប

•  ទីតាំងបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យចុះឈ្មោះ ការិយាល័យបោះឆ្នោត និងទីតាំងបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២)

•  ការិយាល័យចុះឈ្មោះបោះឆ្នោតដែលមានទីតាំងនៅតាមសាលាឃុំ សង្កាត់ និងចល័ត នៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់

•  ទីកន្លែងរក្សាទុក ឬការដឹកជញ្ជូនឯកសារ សម្ភារ បរិក្ខារ និងសង្ហារិមផ្សេងៗ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ពីគោលដៅមួយទៅកាន់គោលដៅមួយទៀត ដែលកំណត់ដោយ គ.ជ.ប ឬ/និង លធ.ខប

•  ទីតាំងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ នៅទូទាំងប្រទេស និងទីតាំងបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។

អំពីការរៀបចំយន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៅរាជធានី ខេត្ត ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តមានស្រាប់ដែលត្រូវបានកំណត់ និងប្រើប្រាស់ ជាយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ដោយមានស្នងការដ្ឋាននគរបាលរាជធានី ខេត្តធ្វើជាសេនាធិការ ហើយត្រូវគ្រប់គ្រង ដឹកនាំ និងបញ្ជាគ្រប់យន្តការ រចនា-សម្ព័ន្ធសន្តិសុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ព្រមទាំងត្រូវត្រួតពិនិត្យការរៀបចំកម្លាំងនគរបាលការពារ និងកម្លាំងកងរាជអាវុធហត្ថតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប។

ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនថា គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ ឯកឧត្តមបន្តថា គណបក្សនយោបាយ ដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួននៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃចាប់ផ្ដើមដំណើរការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ (ដប់) ថ្ងៃមុនថ្ងៃបញ្ចប់ដំណើរការនេះ។

ផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានបន្តថា គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន នៅក្រុមប្រឹក្សាឃុំ សង្កាត់ តាមទម្រង់បែបបទលេខ ១០០៧ ដែលផ្ដល់ជូនដោយ  គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។ ឯកឧត្តមបានបន្តទៀតថា បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចអនុញ្ញាតលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរួចហើយ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវផ្ដល់បណ្ណសម្គាល់ជូនភ្នាក់ងារគណបក្សនយោបាយ ចំនួនតែ ២ (ពីរ) បណ្ណប៉ុណ្ណោះ គឺ ១ (មួយ) បណ្ណ សម្រាប់ភ្នាក់ងារពេញសិទ្ធិ និង  ១ (មួយ) បណ្ណ សម្រាប់ភ្នាក់ងារបម្រុង។ បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ មានសុពលភាពប្រើប្រាស់បានតែក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ ភ្នាក់ងារពេញសិទ្ធិ ១ (មួយ) រូប នៃគណបក្សនយោបាយ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។ ភ្នាក់ងារបម្រុង ១ (មួយ) រូប ត្រូវបានអនុញ្ញាតឱ្យចាំនៅក្រៅការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុងករណីត្រូវផ្លាស់ប្ដូរ ឬអវត្តមាន។

អំពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនថា ដើម្បីជាមូលដ្ឋានក្នុងការកំណត់អំពីចំនួន និងទីតាំងការិយាល័យបោះឆ្នោត នៅ មុនពេលចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប បានចាត់ចែងស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមភូមិក្នុងឃុំ សង្កាត់ ដោយមានកិច្ចសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់។ ជាលទ្ធផលក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការរៀបចំកំណត់ទីតាំងការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ ទទួលបានដូចខាងក្រោម៖

-  ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១០.៩៧៨.២៥៨ នាក់ ក្នុងនោះស្រី ចំនួន ៥.៦៦០.៧៣៧ នាក់

-  ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ នាក់

-  ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត មានចំនួន ២៨០.៥៩៣ នាក់

-  ចំនួនអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩៦.៧១០ នាក់

-  ការិយាល័យបោះឆ្នោត ឆ្នាំ២០២៣  មានចំនួន ២៤.០៤២ ការិយាល័យ។

 ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា ការផ្សព្វផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ត្រូវធ្វើនៅពេលជាមួយគ្នា តាមមធ្យោបាយ និងនៅទីតាំងដូចគ្នានឹងការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយឡែក គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.ប នូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ណាមួយ ឬច្រើន ដោយត្រូវបង់ថ្លៃក្នុងកម្រិតថ្លៃផលិត បន្ទាប់ពីបញ្ជីនេះត្រូវបានផ្សព្វផ្សាយ។

ជាចុងក្រោយ ឯកឧត្ដម ឌឹម សុវណ្ណារុំ  សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលជាប្រធានដឹកនាំកិច្ចប្រជុំ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលបងប្អូនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត។

នេះជាកិច្ចប្រជុំលើកទី៣ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង អ្នកសារព័ត៌មាន ចំនួនជាង ៥០នាក់៕

ទាញយកកម្មវិធី(App) CamNEC News