សេចក្តីប្រកាសព័ត៌មានលេខ ១២៦ គ.ជ.ប.អគ្គ៖ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូន ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋា​នរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប ។ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តការងារលើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូចដែលការរៀបចំវគ្គបណ្ដុះបណ្ដាលនៅពេលនេះជាឧទាហរណ៍ស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅល្អ និងធានាបាននូវសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។ឯកឧត្ដមបានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ឯកឧត្ដមជម្រាបជូនទៀតថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឬអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យ នៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។វគ្គបណ្ដុះបណ្ដាលខាងលើនេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤  ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ១២០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News